សម្តេចតេជោ ហ៊ុន សែន ប្រែក្លាយខ្សែបន្ទាត់ព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាងទាំងអស់ ឲ្យទៅជាព្រំដែនមានសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍លើកឡើងថា ប្រែក្លាយខ្សែបន្ទាត់ព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាងទាំងអស់ ឲ្យទៅជាព្រំដែនមានសន្តិភាព មិត្តភាព សហប្រតិបត្តិការ ការអភិវឌ្ឍ និងប្រែក្លាយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ឱ្យក្លាយទៅជាតំបន់មានការអភិវឌ្ឍន៍ និងមានទីផ្សារ ។
ប្រសាសន៍សំណេះសំណាលដ៏មានអត្ថន័យនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅក្នុងពិធីខួបលើកទី៤៥ នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) និង សម្ពោធសមិទ្ធផលនានានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។
ពិធីនេះក៏មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ព្រមទាំងមានការអញ្ជើញចូលរួមអមដំណើរពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងថ្នាក់ដឹកនាំជាច្រើនផ្សេងទៀត ។
សម្ដេចតេជោមានប្រសាសន៍បន្ថែមថា តំបន់ X16 គឺជាចំណុចព្រំដែនរវាងប្រទេសកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ និងប្រទេសវៀតណាមក្នុងខេត្តតៃនិញ ដែលជាទីតាំងប្រវត្តិសាស្ត្រ នៃការចេញតស៊ូដោយយកអាយុជីវិតធ្វើជាដើមទុន ។ ហើយតំបន់នេះ នៅពេលនេះបានកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន មានដូចជា រូបសំណាកព្រះអង្គគោកធ្លក អាគារមិត្តភាព សារៈមន្ទីរតេជោកោះថ្ម សាលាសំណាក់ វេទិការ ស្រះទឹកស្តេចនាគមហាជ័យ ទីលានចុះចតឧត្ថមម្ភាគចក្រ ទីលានបាល់ទាត់ សួនច្បារ និងផ្លូវអ៊ុតកៅស៊ូ សាលារៀន ព្រមទាំងមានតបណ្ដាញអគ្គិសនីដល់ទីតាំងនេះ ហើយការអភិវឌ្ឍនេះ មិនត្រឹមតែរំឭកពីគុណបំណាច់ដ៏ធំធេងតែប៉ុណ្ណោះទេ ថែមទាំងបានធ្វើឱ្យប្រជាពលរដ្ឋក្នុងភូមិរបស់លោកទាំងមូល មានជីវភាពប្រសើរឡើងមួយកម្រិតទៀត ក្នុងការបង្ករភាពងាយស្រួលយ៉ាងខ្លាំងដល់ការរកស៊ីប្រចាំថ្ងៃ។