ក្រុមការងារចុះជួយឃុំឈូកស្រុកប្រាសាទសំបូរ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨ មិថុនា១៩៥១-២៨ មិថុនា ២០២២)


នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ប៉ែន សូត្រ ទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងជាប្រធានកិត្តិយសថ្នាក់កណ្តាលចុះជួយឃុំឈូក ឯកឧត្តម លោក លោកស្រី ក្រុមកាងារចុះជួយឃុំឈូក និងសមាជិក សមាជិកា ប្រមាណជាង១៥០នាក់ អញ្ជើញចូលរួមក្នុងពិធីអបអរសារទ័រខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨ មិថុនា១៩៥១-២៨ មិថុនា ២០២២)

បន្ទាប់ពីលោក អ៊ុំ គឹមអាន អនុប្រធានក្រុមប្រឹក្សាស្រុក ក្រុមការងារចុះជួយឃុំឈូក អានសុន្ទរកថាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួចមក។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តមបណ្ឌិត ប៉ែន សូត្រ បានមានប្រសាន៍ថារយៈពេល៧១ឆ្នាំមកនេះ កម្ពុជាបានឆ្លងកាត់ដំណាក់កាលជាប្រវត្តិសាស្ត្រយ៉ាងច្រើន ទាំង ដំណាក់កាលប្រកបដោយមោទនភាពផង ទាំងដំណាក់កាលប្រកបដោយភាពបត់បែន លំបាកស្មុគស្មាញ និងគ្រោះថ្នាក់ជាទីបំផុតផង។ ប៉ុន្តែទោះបីស្ថិតក្នុងកាលៈទេសៈណាក្ដីក៏គណបក្សប្រជាជនកម្ពុជានៅតែរក្សាខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ដើម្បីកសាង និងការពារប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។

ឯកឧត្តមក៍បានបន្តទៀតថា ពេលប្រទេសជាតិត្រូវធ្លាក់ទៅក្នុង គ្រោះមហន្តរាយដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានបង្កឡើង មានតែសមាជិកគណបក្សប្រជាជន កម្ពុជាដ៏បរិសុទ្ធដែលស្មោះត្រង់នឹងគោលបំណង និងឧត្តមគតិរបស់គណបក្សប៉ុណ្ណោះ ដែលបានក្រោកឈរ ឡើងធ្វើការតស៊ូ និងប្រមូលផ្តុំរាល់កម្លាំងស្នេហាជាតិ បង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដើម្បីប្រយុទ្ធ ផ្ដួលរំលំរបបដ៏យង់ឃ្នងនេះរហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រនៅ ថ្ងៃ០៧ ខែមករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជាតិឱ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលា នាំយកសិទ្ធិសេរីភាពដែលត្រូវបាត់បង់ ទាំងស្រុងក្នុងរបបប៉ុល ពត មកជូនប្រជាជនវិញ បញ្ចប់សករាជដ៏ខ្មៅងងឹតបំផុត ហើយបើកឡើងនូវសករាជ ថ្មីរបស់កម្ពុជាប្រកបដោយពន្លឺ និងក្តីសង្ឃឹម។

ប្រសាសន៍ចុងក្រោយរបស់របស់ឯកឧត្តម សូមផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់ គាំទ្រគណបក្សប្រជាជនកម្ពុជាបន្តពង្រឹងកិច្ចសហការយ៉ាងស្មោះសរជាមួយបណ្តាគណបក្សនយោបាយ អង្គការសង្គមស៊ីវិលនានា និងមជ្ឈដ្ឋានផ្សេងៗទៀតក្នុងសង្គម ដែលមានភាពស្មោះត្រង់ និងសុឆន្ទៈពិត ប្រាកដ ក្នុងគោលបំណងថែរក្សានូវបរិយាកាសនយោបាយល្អប្រសើរប្រកបដោយចីរភាព។ ជាពិសេស បរិយាកាសឆ្ពោះទៅកាន់ការបោះឆ្នោតជាតិ នីតិកាលទី៧ នាឆ្នាំ២០២៣ ខាងមុខ និងបង្កើនជំនឿ ទុកចិត្តរបស់អ្នកវិនិយោគទុនទាំងក្នុង និងក្រៅប្រទេស ដើម្បីបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និង លើកកម្ពស់ជីវភាពរបស់ប្រជាជនឱ្យមានភាពជឿនលឿនជាបន្តទៀត៕