រណសិរ្ស២ធ្នូ ជាព្រឹត្ដិការណ៍សំខាន់ ចំពោះបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា


រណសិរ្ស ២ធ្នូ បានរំដោះ និងសង្គ្រោះជីវិតយើងទំាងអស់គ្នា និងបានស្ដារ កសាង និងអភិវឌ្ឍន៍សង្គមជាតិ នៅគ្រប់ទិសទី ធ្វើឱ្យមាតុភូមិកម្ពុជាមានការកែប្រែមុខមាត់ថ្មី ជាបន្ដបន្ទាប់។
«រណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» មានឈ្មោះដើមថា «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ត្រូវបានបង្កើតឡើងនៅថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨ នៅក្នុងតំបន់រំដោះនាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ ជាអង្គការចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា រួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជំនះដ៏ត្រចះត្រចង់នាថ្ងៃ៧មករា ឆ្នាំ១៩៧៩ ។
បច្ចុប្បន្ន គេអាចមើលឃើញផ្ទាល់ភ្នែកនូវសមិទ្ធផលលើគ្រប់វិស័យដ៏ច្រើនសេ្អកស្កះនៅគ្រប់ទិសទី ដែលកើតចេញពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។