ឯកឧត្តមបណ្ឌិត ថោង ខុន និងឯកឧត្តមបណ្ឌិត លី សាម៉េត ដឹកនាំបើកយុទ្ធនាការឃោសនាបោះឆ្នោត នៅស្រុកបារាយណ៍ និងស្រុកតាំងគោក


ឯកឧត្តមបណ្ឌិត ថោង ខុន និងឯកឧត្តមបណ្ឌិត លី សាម៉េត ដឹកនាំបើកយុទ្ធនាការឃោសនាបោះឆ្នោត នៅស្រុកបារាយណ៍ និងស្រុកតាំងគោក
2023-07-01 09:56am
(កំពង់ធំ)៖ ឯកឧត្តម ថោង ខុន អនុប្រធានទី១​ ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍​ និងស្រុកតាំងគោក និងឯកឧត្តម លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា​ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិកគណបក្សជាង​ ៧,០០០នាក់​ បើកយុទ្ធនាការឃោសនាបោះឆ្នោត នៅស្រុកបារាយណ៍​ និងស្រុកតាំងគោក និងបានអំពាវនាវដល់សមាជិកបក្សនិងប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់គ្នា។

*សម្រាប់ការដង្ហែរក្បូនបើកយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកបារាយណ៍ មានអ្នកចូលរួមជាង ៣,០០០នាក់ ចាប់ដង្ហែពីមុខវត្តស្វាយជីអោក ដល់ឃុំគគីរធំ។

*សម្រាប់ការដង្ហែរក្បូនបើកយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកតាំងគោក​ មានអ្នកចូលរួមជាង ៣,០០០នាក់ ចាប់ដង្ហែពីមុខវត្តស្វាយជីអោក​ ទៅតាមឃុំរៀងៗខ្លួន។

នាឱកាសនោះ ឯកឧត្តម ថោង ខុន បានថ្លែងបញ្ជាក់ថា​ គណបក្សប្រជាជនកម្ពុជា​ ជាគណបក្សដែលបានសង្គ្រោះជាតិ និងជីវិតប្រជាជនពីរបបប្រល័យពូជសាសន៍នៃបនឃោរឃៅផុតលេខ (ឆ្នាំ១៩៧៥ ដល់ ១៩៧៩) ដោយបានទទួលជ័យជម្នះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាប្រវត្តិសាស្ត្រ​ ហេីយបើគ្មានគណបក្សប្រជាជនកម្ពុជា និងអ្នកតស៊ូដែលបានពលី លះបង់សាច់ស្រស់ ឈាមស្រស់ ដែលជាសមាជិកគណបក្សដ៏អង់អាចទេនោះ មិនមានការអភិវឌ្ឍដូចថ្ងៃនេះឡើយ។

ឯកឧត្តម ថោង ខុន បានឱ្យដឹងទៀតថា​ មកដល់ថ្ងៃនេះគណបក្សប្រជាជនកម្ពុជាដែលមានកំណើតពីប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន បានប្រឹងប្រែងអស់សមត្ថភាព ប្រាជ្ញាស្មារតី បម្រើប្រជាជន ការពារបានសុខសន្តិភាព ស្ថិរភាព និងសុវត្ថិភាពទូទាំងប្រទេស។

ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានថ្លែងអំណរគុណសមាជិក សមាជិកាគណបក្ស និងអ្នកគាំទ្រគណបក្សទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃ ចូលរួមក្នុងពិធីដង្ហែក្បួនបើកយុទ្ធនាការឃោសនាបោះឆ្នោត ដែលនេះបង្ហាញឲ្យមហាជនបានឃើញពីកម្លាំងគាំទ្រដ៏ធំរបស់គណបក្សប្រជាជនកម្ពុជា និងការដឹកនាំប្រទេសទៅរកវឌ្ឍនភាព ការអភិវឌ្ឍ ភាពសុខដុមរមនា មានសន្តិភាពពេញលេញបរិបូណ៌ ដោយមិនមានគណបក្សនយោបាយណាធ្វើបានដូចគណបក្សប្រជាជនកម្ពុជាឡើយ។

ឯកឧត្តម ថោង ខុន ក៏បានស្នើឱ្យក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ និងគណបក្សស្រុក គណបក្សឃុំ សហការគ្នា ដើម្បីចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយរបស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោត។ សូមសមាជិក សមាជិកាបក្សទាំងអស់ត្រូវត្រៀមលក្ខណៈ និងឯកសារបម្រើដល់ការបោះឆ្នោត (អត្តសញ្ញាណប័ណ្ណ ឬឯកសារ ឯ.អ) ដើម្បីទៅបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងបោះឆ្នោតជូនគណបក្សប្រជាជន ដែលមានលំដាប់លេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កាជាសញ្ញាសម្គាល់។

នាឱកាសនោះដែរឯកឧត្តម លី សាម៉េត ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ​ ទាំងសមាជិកគណបក្សប្រជាជនចាស់​ និងសមាជិកគណបក្សប្រជាជនកម្ពុជា​ថ្មី​ ដែលទេីបមកពីគណបក្សដ៏ទៃទៀត​ បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ជាបន្តទៀត​ ដែលមានសម្តេចតេជោ​ ហ៊ុន​ សែន​ ជាប្រធាន​ ដេីម្បីបានបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចំរេីនបន្ថែមទៀត​ និងបន្តគាំទ្រ​លោក​ ហ៊ុន​ ម៉ាណែត​ ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត់ផងដែរ។

គួរជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ បានប្រព្រឹត្តទៅរយៈពេល២១ថ្ងៃ
សូមបញ្ជាក់ថា ក្នុងការហែក្បូនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ បានប្រព្រិត្តទៅតាមរដ្ឋបាលស្រុករបស់ខ្លួនយ៉ាងអធិកអធមតាមរថយន្ដតូច ធំ ម៉ូតូជាច្រើនគ្រឿង ដោយមានការលាយឡំសម្លេង ឃោសនសព្វ និងសម្រែកឃោសនា ។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។

គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕