ឯកឧត្តម ជា ចាន់តូ ៖ គណបក្សប្រជាជនកម្ពុជាមានគោលនយោបាយច្បាស់លាស់ គឺបម្រើប្រជាជនគ្រប់កាលៈទេសៈយ៉ាងពិតប្រាកដ


ឯកឧត្តម ជា ចាន់តូ ៖ គណបក្សប្រជាជនកម្ពុជាមានគោលនយោបាយច្បាស់លាស់ គឺបម្រើប្រជាជនគ្រប់កាលៈទេសៈយ៉ាងពិតប្រាកដ

     (កំពង់ធំ)៖ ឯកឧត្តម ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ធំ  បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយច្បាស់លាស់ ដោយបានគិតគូរពីសុខុមាលភាព បម្រើប្រជាជនយ៉ាងពិតប្រាកដ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែងក្នុងមូលដ្ឋាន។

ឯកឧត្តម ជា ចាន់តូ ថ្លែងបែបនេះ ខណៈដែលឯកឧត្តមបានជួបសំណេះសំណាលជាមួយសមាជិកគណបក្ស ស្ថិតនៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្នុងយុទ្ធនាការឃោសនា និងការគាំទ្របោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តទី៧ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ងួន រតនៈ ប្រធានគណបក្សប្រជាជនខេត្ត ឯកឧត្តមអ្នកដំណាងរាស្ត្រមណ្ឌលកំពង់ធំ និងសមាជិកគណបក្សសរុបចំនួន១២៥៣នាក់នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។

         ប្រធានក្រុមការងារថ្នាក់កណ្តាល បាននាំយកមកនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន  ដោយមានការគិតគូសុខទុក្ខ ដល់សមាជិកសមាជិកាគណបក្សទាំងអស់ ដែលបានចូលរួមក្នុងថ្ងៃនេះ។
        
ឯកឧត្តម ជា ចាន់តូ បានបន្តទៀតថា សុខសន្តិភាព និងសមិទ្ធផលទាំងអស់ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ជាពិសេសខេត្តកំពង់ធំរបស់យើង មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺកើតឡើង ដោយការតាំងចិត្ត ការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំកំពូលៗ ក៏ដូចជា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា។ ដូច្នេះយើងទាំងអស់គ្នា ត្រូវនាំគ្នាថែរក្សាឱ្យបានគង់វង្ស ដោយត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាគាំទ្របេក្ខភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រីនាថ្ងៃអនាគត។

     លើសពីនេះ ឯកឧត្តម ជា ចាន់តូ  ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់គ្នា សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់គ្នា ពិសេសគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា(ទេវតាបាចផ្កា)ដែលមានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោត ស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនកម្ពុជាមួយសម្លេង និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ។
    
      បន្ទាប់មកទៀតឯកឧត្តម ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ធំ និងក្រុមការងារ ក៏បានបង្រៀនសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឱ្យចេះគូសសន្លឹកឆ្នោតផងដែរ។