ឯកឧត្ដម ជា ចាន់តូ ចុះជួបអាជីវករក្នុងផ្សារស្ទឹងសែន ពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ និងរក្សាគោលជំហរ អ្នកគាំទ្រគណបក្សប្រជាជនកកម្ពុជា ១នាក់ រាប់ជាសន្លឹកឆ្នោតបានការ១សន្លឹក
(ខេត្តកំពង់ធំ)៖ ឯកឧត្តម ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ធំ អមដំណើរដោយឯកឧត្តម ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានពន្យល់ប្រាប់បងប្អូនអាជីវករ ពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដោយមានការប្រុងប្រយ័ត្ន បើមានការខូចខាត ត្រូវសុំផ្លាស់ប្ដូរយកសន្លឹកឆ្នោតថ្មីភ្លាមៗ គឺត្រូវគូសឱ្យចំក្នុងប្រអប់បួនជ្រុង ធ្វើយ៉ាងណាកុំឱ្យគូសលយចេញក្រៅ ពោលគឺត្រូវរក្សាគោលជំហរ អ្នកគាំទ្រគណបក្សប្រជាជនម្នាក់ រាប់ជាសន្លឹកឆ្នោតបានកាការ១សន្លឹក។
ការថ្លែងបែបនេះក្នុងឱកាសឯកឧត្តម ជា ចាន់តូ ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនអាជីវករក្នុងផ្សារស្ទឹងសែន ស្ថិតនៅសង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។
ឯកឧត្តមប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ធំ ថ្លែងអំណរគុណចំពោះបងប្អូនអាជីវករ និងប្រជាពលរដ្ឋទាំងអស់ តែងតែផ្តល់យុត្តិធម៌ និងបានគាំទ្រជឿជាក់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាពេលកន្លងមក ព្រមទាំងបានប្តេជ្ញាចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ជាពិសេសប្ដេជ្ញាគាំទ្រ បេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិនេះ និងអាណត្តិបន្តបន្ទាប់ និងប្តេជ្ញាគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគតសម្រាប់ដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។
ឯកឧត្តម ជា ចាន់តូ បានលើកទឹកចិត្តដល់សមាជិកសមាជិកាគណបក្ស និងប្រជាពលរដ្ឋទាំងអស់ មេត្តាអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នាកុំបីខានឡើយ ព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលនាំមកនូវសន្តិភាព ព្រមទាំងមានការអភិវឌ្ឍប្រទេសជាតិ មានការរីកចម្រើនរុងរឿងលើគ្រប់វិស័យបន្តទៅទៀត។