ខេត្តកំពង់ធំ ប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងរៀបចំព្រឹត្តិការណ៍សង្ក្រានកំពង់ធំ នាពេលខាងមុខនេះ
នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ធំ ប្រារព្ធពិធីបួងសួងដល់លោកតាអី និងលោកតាក្រហម ក និងរៀបចំពិធីក្រុងពាលី នៅបរិវេណវិទ្យាល័យកំពង់ធំ ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងការរៀបចំព្រឹត្តិការណ៍សង្ក្រានកំពង់ធំ នាពេលខាងមុខនេះ ប្រព្រឹត្តិទៅដោយរលូន ក្រោមអធិបតីភាព ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ដៀប ពីរី សមាជិកក្រុមប្រឹក្សាខេត្ត ដែលសល់តែមួយថ្ងៃប៉ុណ្ណោះ ទេវតាឆ្នាំថ្មីនឹងយាងចុះមកបន្តសង្ក្រាន្តថ្មី ឆ្នាំរោង ឆស័ក ព. ស ២៥៦៨ ត្រូវគ. ស ២០២៤។ តាមរយៈនៃការប្រារព្ធពិធីបួងសួងនេះផងដែរ គឺបានបង្ហាញ អំពីវប្បធម៌ ប្រពៃណីរស់នៅរបស់ប្រជាជនខ្មែរ ដែលបានបង្កប់ជ្រៅនៅក្នុងជំនឿនិងសង្គម។
ការរៀបចំសង្ក្រាន្ដនេះ ក្នុងគោលបំណងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរទូទៅ បានចូលរួមសប្បាយ និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ តាមបណ្តាខេត្តនីមួយៗ ជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ ជ្រកក្រោមដំបូលសន្តិភាពតែមួយ ក្រោមស្មារតីសុខដុម សប្បាយរីករាយ។ ហើយនៅក្នុងព្រឹត្តិការណ៍សង្រ្កាន្តកំពង់ធំនេះ នឹងមានកម្មវិធីសប្បាយជាច្រើន ដែលមានទីតាំងនៅវិទ្យាល័យកំពង់ធំ សួនស្ទឹងសែន និងមានផ្សារាត្រីលើឆ្នេរខ្សាច់មាត់ស្ទឹងសែនថែមទៀតផង។