ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជាអធិបតីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤


ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជាអធិបតីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកស្ទោង ខេត្តកំពង់ធំ
===========
នាព្រឹកថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកស្ទោង បានអញ្ជើញជាអធិបតីក្នុងមីទ្ទីងបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នាសាលប្រជុំ ស្នាក់ការគណបក្សស្រុកស្ទោង ខេត្តកំពង់ធំ។

សូមជម្រាបថា ពិធីបិទយុទ្ធនាការឃោសនា នាពេលនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង១៣ នៃស្រុកស្ទោង និងឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងារចុះមូលដ្ឋានភូមិ និងសមាជិកគណបក្សជាច្រើននាក់ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោងបានមានមតិសំណេះសំណាល ព្រមទាំងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងសម្តេចអនុប្រធានគណបក្សទាំង៥។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតនាថ្ងៃនេះបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសកម្ពុជាមានសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ និងមានសុវត្ថិភាពសង្គម ជាមួយការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការពារបានយ៉ាងរឹងមាំនូវសមិទ្ធផលនៃសង្គមជាតិ ព្រមទាំងការពារឯករាជ្យ អធិបតេយ្យជាតិ និងការពារឆន្ទៈ និងផលប្រយោជន៍ប្រជាជន។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារបានផ្តាំផ្ញើដល់អង្គបោះឆ្នោតទាំងអស់សូមថែរក្សាសុខភាព និងពិនិត្យឯកសារពាក់ព័ន្ធបម្រើឱ្យការបោះឆ្នោត ដើម្បីត្រៀមទៅបោះឆ្នោតនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ និងបានរំឭកនូវសាររបស់សម្តេចប្រធានគណបក្ស ដែលបានរំឭកដល់អង្គបោះឆ្នោតទាំងអស់ឱ្យគោរពអនុវត្តយ៉ាងម៉ឺងម៉ាត់ខ្ជាប់ខ្ជួន តាមច្បាប់ បទបញ្ជា នីតិវិធី ក្រមសីលធម៌នៃការបោះឆ្នោត និងគោរពលទ្ធផលនៃការបោះឆ្នោត។

គួរបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ មានរយៈពេល ៨ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ដែលការបោះឆ្នោតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅតាមការិយាល័យសរុបចំនួន ២០៩ និងមានអ្នកបោះឆ្នោតសរុប ១១ ៦២២នាក់៕