សេចក្តីជូនដំណឹង ស្តីពីស្ថានភាពទឹកជំនន់ឡើងដល់កម្រិតដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្ន កម្ពស់ ១៣,៥០ម៉ែត្រ ក្នុងខេត្តកំពង់ធំ ឆ្នាំ២០២៤


📣សេចក្តីជូនដំណឹង ស្តីពីស្ថានភាពទឹកជំនន់ឡើងដល់កម្រិតដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្ន កម្ពស់ ១៣,៥០ម៉ែត្រ ក្នុងខេត្តកំពង់ធំ ឆ្នាំ២០២៤

រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបថា ដោយ ផ្អែកលើស្ថានភាពបច្ចុប្បន្នកម្រិតទឹកស្ទឹងសែននៅស្ថានីយកំពង់ធំ មានកម្ពស់ ១៣,៥១ម៉ែត្រ ដែលសង្កេត ឃើញថាមានការកើនឡើងជាបន្តបន្ទាប់ដល់កម្រិតប្រកាសឱ្យមានការប្រុងប្រយ័ត្ននូវកម្ពស់ ១៣,៥០ម៉ែត្រ ។ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ សូមប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ធំទាំងអស់ និងបងប្អូនដែលរស់នៅតាមបណ្តោយដងស្ទឹងសែន ជាពិសេសបងប្អូនដែល រស់នៅតំបន់ងាយរងគ្រោះ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយហាមកូនចៅតូចៗកុំឱ្យចុះលេងទឹក និង ត្រូវត្រៀមរៀបចំទុកដាក់នូវសម្ភារ ឯកសារសំខាន់ៗដែលចាំបាច់ឱ្យបានត្រឹមត្រូវ ។

ទន្ទឹមគ្នានេះដែរ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ ក្នុងការត្រៀមរៀបចំ ផែនការអន្តរាគមន៍ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឲ្យបានសមរម្យក្នុងការជម្លៀសប្រជាពលរដ្ឋទៅទីទួល សុវត្ថិភាព ក្នុងអំឡុងពេលដែលមានគ្រោះមហន្តរាយទឹកជំនន់មកដល់ ម្យ៉ាងវិញទៀត ត្រូវធ្វើការផ្សព្វផ្សាយ ណែនាំឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើសុខភាពអនាម័យ ដើម្បីជៀសវាងជំងឺឆ្លងផ្សេងៗ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការជាមួយអាជ្ញាធរ ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ដើម្បីឆ្លើយតប ករណីមានគ្រោះមហន្តរាយកើតឡើង ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។