ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំទ្រា និងចុះពិនិត្យការងារសាងសង់អគារស្នាក់ការគណបក្សស្រុកស្ទោង ខេត្តកំពង់ធំ
===============
កាលពីព្រឹកថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ ភូមិ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកាគណបក្ស សរុបប្រមាណ ៧០០នាក់។
ក្រោមបរិយាកាសប្រកបដោយភាពភាពរីករាយ និងស្និទ្ធស្នាល ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការនឹករលឹក និងការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស ព្រមទាំងសម្តេចអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជាច្រើនរូបទៀត ដែលជានិច្ចកាលសម្តេច តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបន្តវេនអនុវត្តគោលដៅយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិពីរាជរដ្ឋាភិបាលមុន រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បាននិងកំពុងបំពេញបេសកកម្មដ៏ឧត្ដុង្គឧត្ដម ប្រកបដោយការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងជំរុញការអនុវត្តកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ ដែលជាមូលដ្ឋានដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា សមិទ្ធផលអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំទ្រា ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលនេះបានបង្ហាញឱ្យឃើញពីភាពរីកចម្រើន ច្បាស់លាស់ និងភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់ ហើយអគារស្នាក់ការគណបក្សថ្មីនេះដើរតួនាទីយ៉ាងសំខាន់សម្រាប់បម្រើដល់ការងាររបស់មន្ត្រីគណបក្ស កិច្ចប្រជុំ និងការជួបជុំនានារបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅថ្នាក់មូលដ្ឋាន។ ឯកឧត្តមរដ្ឋមន្ត្រីបានសំណូមពរដល់ក្រុមការងារ សូមបន្តរួបរួមសហការគ្នាជាធ្លុងមួយ សាមគ្គីភាពឯកភាពជាតិ ការពារសន្តិភាព និងសូមបន្តចូលរួមឱ្យកាន់តែសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលឱ្យសម្រេចបានសមិទ្ធផលថ្មីៗជាច្រើនថែមទៀត។
សូមបញ្ជាក់ថា គិតមកដល់ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំនីមួយៗ បានកសាងអគារស្នាក់ការបក្សថ្មីបានចំនួន៦ ក្នុងចំណោមស្នាក់ការបក្សឃុំសរុបចំនួន ១៣ឃុំនៃស្រុកស្ទោង និងឃុំដំរីស្លាប់និងឃុំសានគនៃស្រុកកំពង់ស្វាយ និងកំពុងបន្តសាងសង់ជាបណ្តើរៗបន្តទៀត។ សមាជិកគណបក្សប្រជាជនកម្ពុជានៅទូទាំងស្រុកស្ទោងមានចំនួន ៥៨៦៧៥នាក់ ស្រីចំនួន ៣២១៤៤នាក់ ក្នុងនោះសមាជិកគណបក្សឃុំទ្រាមានចំនួន ៥៤៩៩នាក់ ស្រី ៣០០៧នាក់ មានក្រុមបក្សចំនួន ៤០២ក្រុម និងមានគ្រួសារបក្សចំនួន ២២២៩គ្រួសារ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារគណបក្ស ក៏បានអញ្ជើញចុះពិនិត្យការងារសាងសង់អគារស្នាក់ការគណបក្សស្រុកស្ទោងថ្មី ជំនួសអគារស្នាក់ការគណបក្សចាស់ដែលមានសភាពទ្រុឌទ្រោមមិនសមរម្យ ហើយដែលពិធីក្រុងពាលីចាប់ផ្តើមការងារសាងសង់អគារស្នាក់ការបក្សស្រុកថ្មីបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលើផ្ទៃដីប្រមាណ ២ហិកតា ដែលមានលទ្ធភាពប្រជុំសមាជិកបក្សសរុបចំនួន ១០០០នាក់ និងមានទីធ្លាហាត់កីឡា និងសួនច្បារ ដើម្បីសមាជិកបក្ស និងបងប្អូនប្រជាពលរដ្ឋអាចចូលលេងកម្សាន្ត៕