នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានាក្នុងវត្តបទុមពោធិរាជ ហៅវត្តព្រះវិហារខ្ពស់ ស្ថិតនៅភូមិចុងព្រៃ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ អមដំណើរដោយ លោកជំទាវ យស ថានារី អ្នកដំណាងរាស្ត្រមណ្ឌលកំពង់ធំ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ លោកប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក និងមន្ត្រីរដ្ឋបាលសាលាស្រុកកំពង់ស្វាយ អាជ្ញាធរភូមិ ឃុំ ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជា ពលរដ្ឋចូលរួមសរុបចំនួន៧៥៨នាក់។
ក្នុងឱកាសនោះ លោកជំទាវបានមានប្រសាសន៍សំណេះសំណាល និងពាំនាំនៅការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដែលតែងតែគិតគូពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ។ លោកជំទាវបានបន្តមានប្រសាសន៍ថា កត្តាដែលនាំឱ្យយើងបានធ្វើពិធីបុណ្យបញ្ចុះខណ្ឌសីមានេះឡើងក៏ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ដូចច្នេះហើយយើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាសុខសន្តិភាពជារៀងរហូតតទៅ ។
នាឱកាសនោះដែរ លោកជំទាវបានថ្លែងអំណរព្រះគុណ និងអរគុណ ដល់ព្រះគ្រូចៅអធិការវត្ត លោកអាចារ្យ គណ:កម្មការវត្ត សប្បុរសជន និងពុទ្ធបរិស័ទ ទាំងអស់ ដែលបានចូលរួមតាមកម្លាំងសទ្ធាជ្រះថ្លា កសាងសមិទ្ធផលនានា ទាំងអស់នេះ ។
ក្នុងកម្មវិធីនោះដែរ លោកជំទាវបានបំពាក់មេដាយ គ្រឿងឥស្សរិយយសចំនួន៣អង្គ/នាក់ ព្រមទាំងបានប្រគេនបច្ច័យដែលបានមកពីការចូលរួមរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រីក្រុមការងារសម្រាប់កសាងវត្តសរុបចំនួន២៤.០៧០.០០០រៀល , ជូនតាជី យាយជីចំនួន៥០នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់ស១ដុំ និងថវិកា១០.០០០រៀល , ជូនសិស្សានុសិស្សចំនួន១០០នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ១ក្បាល ប៊ិចចំនួន២ដើម ថវិកាចំនួន២.០០០រៀល , ជូនប្រជាពលរដ្ឋចំនួន៤០០នាក់ ក្នុងម្នាក់ៗទទួលបានក្រមាចំនួន១ , ឧបត្ថម្ភនគរបាលស្រុកចំនួន២០០.០០០រៀល, ឧបត្ថម្ភកងរាជអាវុធហត្ថស្រុកចំនួន១៥០.០០០រៀល, ឧបត្ថម្ភផ្នែកសឹករងស្រុកចំនួន១៥០.០០០រៀល , ឧបត្ថម្ភប្រជាការពារចំនួន៣០០.០០០រៀល , ឧបត្ថម្ភកាត់ខ្សែបូចំនួន២០០.០០០រៀល , ឧបត្ថម្ភរបាំជូនពរចំនួន២០០.០០០រៀល៕