នៅព្រឹកថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម ជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ស្ថិតក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សូមជម្រាបថា គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោបានចាប់ផ្តើមអនុវត្តកាលពីខែឧសភា ឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់នៅក្នុងខែមេសា ឆ្នាំ២០២៦ខាងមុខ។ ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ទី១)សំណង់ស្ទាក់ទឹកកំពង់គោ ដែលមានបំពាក់ស្ពានឆ្លងប្រវែង ២៦០ម៉ែត្រ ទទឹង៦ម៉ែត្រ ដើម្បីចរាចរឆ្លងពីត្រើយម្ខាង ទៅត្រើយម្ខាងទៀត និងបំពាក់ទ្វារទឹកសរុបចំនួន២៥ ដែលទ្វារទឹកនីមួយៗមានទំហំទទឹង១០ម៉ែត្រ និងកម្ពស់១០ម៉ែត្រ ទី២)សំណង់ជើងទេរច្រាំងស្ទឹង ទី៣)ផ្លូវក្រាលបេតុង ២ខ្សែ មានប្រវែងសរុប ១៥០០ម៉ែត្រ ទី៤)សំណង់ជណ្តើរត្រីចំនួនមួយខ្សែ ប្រវែង ២០០ម៉ែត្រ ទី៥)សំណង់អគារការិយាល័យ និងប្រតិបត្តិការដែលមានទទឹង ៦ម៉ែត្រ បណ្តោយ ១២ម៉ែត្រ កម្ពស់ ១ជាន់។
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា គម្រោងដ៏មានសារសំខាន់នេះ គ្របដណ្ដប់លើក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់ ខេត្តកំពង់ធំ និងមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលដែលរួមមានដំណាំស្រូវ និងដំណាំរួមផ្សំគ្រប់ប្រភេទ ព្រមទាំងសម្រាប់បម្រើដល់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ និងថែមទាំងជួយពង្វាងទឹកជំនន់ បញ្ចៀសការជន់លិចតំបន់ទីប្រជុំជនក្រុងស្រុកនានាដែលស្ថិតតាមបណ្តោយដងស្ទឹងសែនផងដែរ។
ក្នុងឱកាសចុះពិនិត្យការងារនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន ព្រមទាំងបានណែនាំដល់ក្រុមការងារសាងសង់ឱ្យបន្តយកចិត្តទុកដាក់ឱ្យបានម៉ត់ចត់លើគុណភាព ស្របតាមបទដ្ឋានបច្ចេកទេស និងជំរុញការអនុវត្តការងារឱ្យសម្រេចបានតាមផែនការដែលបានគ្រោងទុក៕