ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងសែន ក្នុងក្រុងស្ទឹងសែន សូមបញ្ឈប់ការសាងសង់លំនៅដ្ឋានខុសច្បាប់តាមដងស្ទឹងសែន និងបញ្ឈប់ការបង្ហូរទឹកកខ្វក់ខុសច្បាប់ចូលក្នុងទឹកស្ទឹងសែន ដែលបណ្ដាលឱ្យខូចគុណភាពទឹក និងប៉ះពាល់ដល់វិស័យទេសចរណ៍។
ប្រសាសន៍នេះត្រូវបានឯកឧត្តមលើកឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេមួយខ្សែប្រវែង ១.៣១៥ម៉ែត្រ និងទទឹង៦ម៉ែត្រ ស្ថិតនៅក្នុងភូមិបល្ល័ង្កកើត សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥។
ឯកឧត្តម នួន ផារ័ត្ន បន្តថាបច្ចុប្បន្ននេះ អាជ្ញាធរខេត្តកំពង់ធំ បានរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍក្រុងស្ទឹងសែន ឱ្យក្លាយទៅជាទីក្រុងមួយដែលទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងអ្នកវិនិយោគទុនទាំងអស់ ងាកមកចាប់អារម្មណ៍អំពីសក្តានុពលនៅក្នុងខេត្តកំពង់ធំ ជាពិសេសពាក់ព័ន្ធទៅនឹងវិស័យកសិកម្ម និងវិស័យទេសចរណ៍ជាដើម។
លើសពីនេះទៀត ឯកឧត្តម នួន ផារ័ត្ន បានធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកំពុងមានភាពតានតឹងនៅឡើយ ជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជាចុងក្រោយឯកឧត្តម នួន ផារ័ត្ន បានសំណូមពរដល់អ្នកប្រើប្រាសផ្លូវទាំងអស់ សូមចូលរួមថែរក្សាផ្លូវថ្នល់នេះ ឱ្យបាបានគង់វង្ស យូរអង្វែង ដោយមិនត្រូវដឹកជញ្ជូនធុនធ្ងន់ទំនិញលើផ្លូវថ្នល់ ដែលផ្ទុកលើសទម្ងន់ ដែលធ្វើឱ្យស្រុតផ្លូវបេតុង ឬបែកលូកាត់ទទឹងផ្លូវ ឬបាក់ស្ពាន។ លើសពីនេះទៀត សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលចិញ្ចឹមសត្វពាហនៈ សូមមានការប្រុងប្រយ័ត្នពេលមានការឆ្លងកាត់ផ្លូវ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា កុំបើកបរលើសល្បឿនកំណត់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងជាយថាហេតុ ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នកធ្វើដំណើរតាមដងផ្លូវជាមួយគ្នាផងដែរ។ អត្ថបទរដ្ឋបាលខេត្តកំពង់ធំ