ឯកឧត្តម នួន ផារ័ត្ន ប្រធានគណបក្សខេត្តកំពង់ធំ អញ្ជើញបិទវគ្គអប់រំនយោបាយកម្រិត១ ជំនាន់ទី៤៩ ឆ្នាំ២០២៥


ឯកឧត្តម នួន ផារ័ត្ន ប្រធានគណបក្សខេត្តកំពង់ធំ អញ្ជើញបិទវគ្គអប់រំនយោបាយកម្រិត១ ជំនាន់ទី៤៩ ឆ្នាំ២០២៥
………………………………..
នៅរសៀលថ្ងៃអាទិត្យ ១៥កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនិងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្ន ប្រធានគណបក្សខេត្តកំពង់ធំ អញ្ជើញបិទវគ្គអប់រំនយោបាយកម្រិត១ ជំនាន់ទី៤៩ ក្នុងពិធីបើបិទវគ្គនេះដែរមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ឯកឧត្តម លោកជំទាវ ក្នុងគណៈប្រចាំការគណបក្សខេត្ត ឯកឧត្តមលោក ជំទាវ ក្នុងគណៈឃោសនាអប់រំគណបក្សខេត្ត និងលោក លោកស្រីជាសិក្ខាកាមសរុប ៦៥ នាក់នៅស្នាក់ការគណបក្សខេតកំពង់ធំ។
តាមរបាយការណ៍របស់គណៈឃោសនាអប់រំគណបក្សខេត្តបានបង្ហាញថា វគ្គអប់រំនយោបាយកម្រិត១ ជំនាន់ទី ៤៩ នេះ បានដំណើរការចាប់ពីព្រឹកថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ហើយសិក្ខាកាមដែលមកទទួលការបំពាក់បំប៉នក្នុងវគ្គនេះមានចំនួន៥០នាក់ ស្រី១៤នាក់ សិក្ខាកកាមមានអាយុក្រោម៣៥ឆ្នាំចុះ មានចំនួន២៣ នាក់ ស្រី៨នាក់ មកពីតាមបណ្ដាមន្ទីរ អង្គភាព ជុំវិញខេត្ត ហើយចាប់តាំងពីគណៈឃោនាអប់រំគណបក្សខេត្ត បើកវគ្គអប់រំនយោបាយកម្រិត១មក បានចំនួន៤៩ វគ្គ ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៥ មានសិក្ខាកាមសរុបចំនួន ៧,៣៤១នាក់ ស្រីចំនួន២,០៤៧ នាក់សិក្ខាកាមជាយុវជនមានអាយុក្រោម ៣៥ ឆ្នាំចុះ មានចំនួន ៤,៧២៤ នាក់ ស្រីចំនួន ១,៤៦១ នាក់ ។
ចំពោះឯកសារដែលប្រើប្រាស់ក្នុងវគ្គនេះ មានចំនួន ៤ ដូចវគ្គនៅតាមបណ្ដា ក្រុង ស្រុក ដែរគឺ ៖
ឯកសារទី ១ ៖ គណបក្សប្រជាជនកម្ពុជា ប្រវត្តិ សកម្មភាព ស្នាដៃ និងបទពិសោធន៍ ឧទ្ទេសនាមដោយឯកឧត្តម ព្រឹម រដ្ឋា ប្រធានគណៈឃោសនាអប់រំខេត្ត ។
ឯកសារទី ២ ៖ គោលការណ៍គ្រឹះនៃកម្មវិធីនយោបាយរបស់គណបក្ស ឧទ្ទេសនាមដោយលោក ហូរ ហួត អនុប្រធានគណៈ ឃោសនាអប់រំខេត្ត ។
ឯកសារទី ៣ ៖ ការយល់ដឹងមួយចំនួនអំពីលក្ខន្តិកៈគណបក្សប្រជាជនកម្ពុជា ឧទ្ទេសនាមដោយលោក​ឃាត់​ វុទ្ធី អនុប្រធានគណៈ ឃោសនាអប់រំខេត្ត ។
ឯកសារទី៤៖ ការកសាងអត្តចរិត និងសីលធម៌ល្អ ប្រពៃរបស់មន្ត្រីគណបក្ស ឧទ្ទេសនាមដោយ លោកជំទាវ ស៊ឹម សុវណ្ណារិទ្ធិ មន្ដ្រីគណៈឃោសនាអប់រំគណបក្សខេត្ត។
មានមតិសំណេះសំណាលក្នុងពិធីនេះ ឯកឧត្តម នួន ផារ័ត្ន ក្នុងនាមគណៈអចិន្ត្រៃយ៍គណៈកម្មាធិការ គណបក្សខេត្ត ឯកឧត្តម បានសម្តែងនូវការសប្បាយរីករាយយ៉ាងខ្លាំង ដោយបានមកចូលរួមជាអធិបតីក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី៤៩ នាពេលនេះ និងបានកោតសរសើរ ចំពោះស្មារតីខិតខំរៀនសូត្រ ស្មារតីគោរពវិន័យ ស្មារតីសាមគ្គីភាព របស់សិក្ខាកាមទាំងអស់ និងបាន អរគុណចំពោះគ្រូឧទ្ទេសនាម ដែលបានខិតខំស្រាវជ្រាវ រៀបចំបទឧទ្ទេសនាម រួមជាមួយបណ្តាគណៈជំនាញទាំងអស់ជុំវិញគណៈកម្មាធិការគណបក្សខេត្ត ដែលសហការគ្នាបានល្អ ក្នុងការរៀបចំវគ្គសិក្សាឲ្យបានដំណើករបញ្ចប់ដោយជោគជ័យ ។
ឯកឧត្តម បានបញ្ជាក់ថា ការអប់រំបណ្តុះបណ្តាលមន្ត្រីដឹកនាំរបស់គណបក្សនៅគ្រប់ថ្នាក់ គ្រប់ផ្នែក គឺជាគោលការណ៍ចម្បងរបស់គណបក្សដែលតែងតែបានចាត់តាំងអនុវត្តនៅក្នុងគ្រប់ដំណាក់កាលនៃការតស៊ូរបស់គណបក្ស ចំពោះវគ្គអប់រំនយោបាយរបស់គណបក្សដែលកំពុងដំណើរការនៅពេលនេះ នឹងជួយឲ្យមន្រ្តីយើងកាន់តែមានការយល់ដឹងច្បាស់អំពីគោលបំណង និងឧត្តមគតិគណបក្ស អំពីកម្មវិធីនយោបាយ លក្ខន្តិកៈ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចនានារបស់គណបក្ស , អំពីសភាពការណ៍ និងភារកិច្ចរបស់គណបក្ស , អំពីទិសដៅនៃការកសាងខ្លួនឲ្យក្លាយជាមន្រ្តីដ៏ល្អប្រពៃរបស់គណបក្ស ព្រមទាំងអំពីមេរៀនពិសោធន៍នៃការដឹកនាំរបស់គណបក្ស។ ប្រការទាំងអស់នេះសុទ្ធតែជាសំណូមពរចាំបាច់ដែលមន្រ្តីយើងម្នាក់ៗត្រូវយល់ឲ្យបានច្បាស់ ក្តាប់ឲ្យជាប់ និងចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភា ឯកឧត្តមបានបង្ហាញពី គោលបំណងរបស់គណបក្ស គឺ ប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ជនជាតិ ជំនឿ សាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារសមិទ្ធផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ។
ឯកឧត្តម បានបញ្ជាក់បន្ថែមទៀតថា ក្នុងនាមជាមន្ដ្រីគណបក្សត្រូវខិតខំពង្រីក លក្ខណសម្បត្តិ ៤ យ៉ាងមានដូចជា
១-ត្រូវមានទំនាក់ទំនងល្អប្រពៃ ផ្សារភ្ជាប់ជាមួយប្រជាជន រួមសុខ រួមទុក្ខជាមួយប្រជាជន ខិតខំបម្រើប្រជាជនអស់ពីចិត្តពីថ្លើម ។
២-ជានិច្ចកាល លើកកម្ពស់ស្មារតីទទួលខុសត្រូវ ក្នុងការបំពេញភារកិច្ចដែលបានប្រគល់ជូន ដោយប្រតិបត្តិត្រឹមត្រូវតាមលក្ខន្តិកៈរបស់គណបក្ស និងច្បាប់របស់រដ្ឋ ។
៣ជានិច្ចកាល ខិតខំលើកកម្ពស់សមត្ថភាពនិងគុណធម៌ ដើម្បីបម្រើជាតិនិងប្រជាជន ។
៤-រួមចំណែកពង្រឹងជួរមន្ត្រីរបស់គណបក្ស ធ្វើជាស្នូលក្នុងចលនាមហាសាមគ្គីប្រជាជាតិទាំងមូល រួមគ្នាកសាង ការពារប្រទេស មានគោលជំហរស្មោះត្រង់ចំពោះជាតិ ចំពោះគណបក្ស និងចំពោះប្រជាជន ។