ថ្ងៃទី១៦ ឧសភា ឆ្នាំ២០១៦ ឯកឧត្តម ជា វ៉ាន់ចាន់ អនុប្រធានក្រុមព័ត៌មានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ បានចុះជួបសំណេះសំណាលជាមួយលោក លាម លន់ហេង ប្រធានគណៈកម្មាធិការត្រួតពិនិត្យ និងសហការី នៃសហគមន៍សានគរមានជ័យ ក្រោមការគាំទ្ររបស់មន្ទីរកសិកម្មខេត្ត និងអង្គការពុទ្ធសាសនា ដែលមានទីតាំងនៅភូមិសំពៅមាស ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ តាមរយៈលោក លាម លន់ហេង បានបញ្ជាក់ថា សហគមន៍នេះបានកើតឡើងតាំងពីឆ្នាំ២០០៩ មក ហើយបច្ចុប្បន្នកំពុងដំណើរការលើមុខរបរដូចជា កសិដ្ឋានចិញ្ចឹមមាន់ លក់ជីកសិកម្ម កាប់ជ្រូក ម៉ាស៊ីនកិនស្រូវ និងកម្ចីប្រាក់ឥណទានកសិកម្មសម្រាប់សមាជិក។ សូមបញ្ជាក់ថា សហគមន៍នេះមកដល់បច្ចុប្បន្នមានរយៈពេល ៦ ឆ្នាំហើយ មានសមាជិកចំនួន ៣៩៥ នាក់ និងមានទុនសរុបដល់ទៅ ២,៩០០ លានរៀល ដែលដំបូងមានត្រឹមតែ ២ លាន ៦០ ម៉ឺនតែប៉ុណ្ណោះ។
ថ្មីៗនេះសហគមន៍នេះ ក្នុងវេទិកាប្រកួតប្រជែងលើប្រធានបទ” ស្នាដៃដឹកនាំគ្រប់គ្រងសហគមន៍កសិកម្មទូទាំងប្រទេស” ទទួលបានជ័យលាភីលេខ១ ហើយទទួលបានទឹកប្រាក់ចំនួន ២ លានរៀល និងគោយន្ត១ គ្រឿងពីសម្តេចតេជោហ៊ុនសែន។ ឯកឧត្តម ជា វ៉ាន់ចាន់ បានលើកឡើង និងជំរុញដល់គណៈកម្មាធិការនៃសហគមន៍ឲ្យមានទំនាក់ទំនងល្អជាមួយដៃគូពាណិជ្ជកម្ម ក៏ដូចជាការឈ្មុសឈ្មុល ដើម្បីទំនាក់ទំនងបានទីផ្សារល្អៗសម្រាប់ផលិតផលរបស់ក្រុមហ៊ុនទាំងក្នុង និងក្រៅប្រទេស ក្នុងគោលបំណងអភិវឌ្ឍសេដ្ឋកិច្ចសមាជិកសហគមន៍ និងបង្កើនសក្តានុពលភាពសហគមន៍ទូទាំងប្រទេស និងអាចបន្តដល់អន្តរជាតិ។
ចុងក្រោយលោក លាម លន់ហេង តំណាងសហគមន៍បានមានប្រសាសន៍ថា សហគមន៍មានកិត្តិយសណាស់ ដែលទទួលបានជ័យលាភីលេខ១ និងការលើកទឹកចិត្តពីសម្តេចតេជោផ្ទាល់ ព្រមទាំងទទួលអំណោយពីសម្តេចថែមទៀតផង។ លោក ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាកសិករ ក៏ដូចជាសហគមន៍ដទៃទៀតទូទាំងប្រទេសឲ្យប្រឹងប្រែងទាំងអស់គ្នា៕
ឯកឧត្តម ជា វ៉ាន់ចាន់ សំណេះសំណាលជាមួយអ្នកតំណាងសហគមន៍សានគរមានជ័យ
