នៅក្នុងប្រទេសឥណ្ឌា បានលេចឡើងជាថ្មី ហើយវាបានក្លាយជាបច្ចុប្បន្នភាពដែលប្រជាពលរដ្ឋខ្មែរកំពុងចាប់ អារម្មណ៍យ៉ាងខ្លាំង។ ចំពោះការលេចឡើងជាថ្មីនេះ ក្រសួងការបរទេសកម្ពុជា បានធ្វើកំណត់ទូតមួយទៅកាន់ក្រសួងការបរទេសឥណ្ឌាដោយស្នើឲ្យ បញ្ឈប់គម្រោងសាងសង់នេះជាបន្ទាន់។ តាមពិតទៅ ឥណ្ឌាបានចិញ្ចឹមចិត្តចង់កសាងប្រាសាទចម្លងតាមប្រាសាទអង្គរវត្ត របស់ខ្មែរជាយូរមកហើយ បើទោះបីមានការជំទាស់ពីភាគីកម្ពុជាក្តី។ ដូច្នេះ បើសិនជាគម្រោងសាងសង់នេះ អាចនឹងកើតឡើងពិតប្រាកដមែននោះ តើកម្ពុជានឹងរងផលប៉ះពាល់អ្វីខ្លះ?
នៅឆ្នាំ២០១២ ឥណ្ឌាបានឲ្យដឹងពីគម្រោងសាងសង់ប្រាសាទព្រហ្មញ្ញសាសនាមួយ ដែលចម្លងរូបរាងពីប្រាសាទអង្គរវត្តរបស់កម្ពុជា នៅក្នុងទីក្រុង Bihar។ គម្រោងសាងសង់ប្រាសាទនោះ ដំបូងត្រូវបានដាក់ឈ្មោះថា Virat Angkor Wat Ram Mandir ប៉ុន្តែក្រោយមកបានប្ដូរឈ្មោះមកជា Viraat Ramayan Mandir ក្រោយពីមានការតវ៉ាពីកម្ពុជា។ បើតាមគម្រោង ប្រាសាទ Viraat Ramayan Mandir នឹងត្រូវសាងសង់លើផ្ទៃដីជាង៨០ហិចតា ដោយមានកំពូលចំនួន១៨ និងកម្ពស់ប្រមាណ១១៥ម៉ែត្រ។ ឥណ្ឌារំពឹងថា ប្រាសាទចម្លងពីអង្គរវត្តនេះ នឹងក្លាយទៅជាប្រាសាទដែលឧទ្ទិសដល់សាសនា ធំជាងគេលើលោក។
ទាក់ទងនឹងការចម្លងនេះ នៅកម្ពុជា មានការលើកឡើងខុសៗគ្នា។ អ្នកខ្លះជំទាស់យ៉ាងដាច់អហង្ការ ប៉ុន្តែក៏មានអ្នកខ្លះទៀតយល់ថា វាជាការប្រសើរសម្រាប់កម្ពុជាទៅវិញ។
ដំបូងនិយាយពីក្រុមអ្នកជំទាស់។ ក្រុមនេះ ប្រឆាំងនឹងគម្រោងសាងសង់ប្រាសាទចម្លងរបស់ ឥណ្ឌា ដោយសំអាងថា វាអាចធ្វើឲ្យបាត់បង់តម្លៃរបស់ប្រាសាទអង្គរវត្តពិតប្រាកដ ដែលមានតែមួយលើលោក។ និងថា ការសាងសង់ប្រាសាទចម្លងរបស់ឥណ្ឌានេះ រំលោភលើកម្មសិទ្ធិបញ្ញា និងរំលោភលើសម្បត្តិបេតិកភណ្ឌពិភពលោក។ ជាមួយគ្នានោះ វានឹងអាចធ្វើឲ្យអ្នកទេសចរដែលមកទស្សនាប្រាសាទអង្គរវត្តរបស់ កម្ពុជាថយចុះថែមទៀតផង។
ទន្ទឹមនឹងការជំទាស់យ៉ាងដាច់ណាត់នេះ មតិមួយចំនួនទៀត បែរជាយល់ឃើញផ្សេងថា ប្រាសាទអង្គរវត្តចំណាស់១ពាន់ឆ្នាំរបស់កម្ពុជា មិនអាចមាននរណាអាចសាងសង់ឲ្យដូចបានឡើយ។ ដូច្នេះ វត្តមាននៃវត្ថុចម្លងនៅប្រទេសឥណ្ឌា មិនធ្វើឲ្យកម្ពុជាខាតបង់ទេ។ ផ្ទុយទៅវិញ ការបង្កើតឲ្យមានវត្ថុចម្លង នឹងធ្វើឲ្យវត្ថុពិតប្រាកដកាន់តែមានតម្លៃ។ ហើយអ្នកដែលបានឃើញវត្ថុចម្លង នឹងមានចិត្តចង់ឃើញរបស់ពិតកាន់តែខ្លាំងថែមទៀត។ និងថា ការសាងសង់ប្រាសាទចម្លងនៅប្រទេសឥណ្ឌា មិនអាចទាញទម្លាក់ចំនួនអ្នកទេសចរដែលចូលមកទស្សនាប្រាសាទអង្គរ វត្តនៅកម្ពុជានោះទេ។
មែនទែនទៅ ការចម្លងប្រាសាទ ឬសម្បត្តិវប្បធម៌ ដែលជាបេតិកភណ្ឌពិភពលោក មិនមែនទើបតែកើតឡើងជាលើកទី១ទេ។ សំណង់ច្រើនណាស់ នៅទូទាំងពិភពលោក ត្រូវបានចម្លងពីប្រទេសជាម្ចាស់ដើម យកទៅសាងសង់នៅប្រទេសមួយផ្សេងទៀត។ ជាក់ស្ដែង ប្រាសាទ Taj Mahal របស់ឥណ្ឌាផ្ទាល់ ក៏ត្រូវបានបង់ក្លាដែសសាងសង់ចម្លងតាមដែរ។ មានការតវ៉ាប្រឆាំងដូចនៅកម្ពុជាដែរថា ការចម្លងប្រាសាទ Taj Mahal នៅបង់ក្លាដែស អាចធ្វើឲ្យទេសចរដែលទៅទស្សនាប្រាសាទពិតប្រាកដនៅឥណ្ឌាថយចុះ។ ប៉ុន្តែ បន្ទាប់ពីប្រាសាទ Taj Mahal នៅបង់ក្លាដែសសាងសង់រួច ហើយបើកទ្វារឲ្យចូលទស្សនា ចំនួនអ្នកទេសចរនៅប្រាសាទ Taj Mahal ពិតប្រាកដ មិនមានថយចុះ ឬរងផលប៉ះពាល់អ្វីសោះឡើយ។
ត្រឡប់ទៅនិយាយពីការសាងសង់ប្រាសាទនៅឥណ្ឌាដែលចម្លងតាមប្រាសាទ អង្គរវត្តរបស់ខ្មែរ។ បើទោះជាត្រូវបានសាងសង់ឡើងដោយជោគជ័យក៏ដោយ ក៏ប្រាសាទចម្លងនៅប្រទេសឥណ្ឌា គ្មានលក្ខណៈពិសេសដូចប្រាសាទអង្គរវត្តរបស់កម្ពុជានោះដែរ។
ប្រាសាទអង្គរវត្តរបស់ខ្មែរ មានកំពូលចំនួន៩ និងមានកម្ពស់ជាង៦៥ម៉ែត្រ សាងសង់លើផ្ទៃដីទំហំជាង២០០ហិចតា។ ចំណែក គម្រោងប្រាសាទចម្លងនៅឥណ្ឌា មានកំពូលចំនួន១៨ និងកម្ពស់ប្រមាណ១១៥ម៉ែត្រ ប៉ុន្តែសាងសង់លើផ្ទៃដីជាង៨០ហិចតាតែប៉ុណ្ណោះ។ គ្រាន់តែប្រៀបធៀបទំហំផ្ទៃដីប៉ុននេះ គេអាចទាយដឹងជាមុនហើយថា ប្រាសាទចម្លងនៅឥណ្ឌា ប្រាកដជាមិនអាចរក្សានូវលក្ខណៈពិសេសៗទាំងអស់របស់ប្រាសាទអង្គរ វត្តបានឡើយ ជាអាថិ៍ដូចជា កំពែងខាងក្រៅ គូទឹក បណ្ណាល័យ ស្រះទឹក និងគោបុរៈជាដើម។
ដោយឡែក ទាក់ទិននឹងបញ្ហាកម្មសិទ្ធិបញ្ញា និងការរំលោភលើសម្បត្តិបេតិកភណ្ឌ។ ការណ៍ដែលឥណ្ឌាសង់ប្រាសាទចម្លងតាមអង្គរវត្ត គឺស្ថិតក្នុងករណីចម្លងស្នាដៃស្ថាបត្យកម្ម ដែលជាផ្នែកមួយនៃសិទ្ធិអ្នកនិពន្ធ។ នៅក្នុងក្របខ័ណ្ឌច្បាប់កម្ពុជា ស្នាដៃស្ថាបត្យកម្មទទួលបាននូវការការពារពីសំណាក់ច្បាប់ស្ដីពី សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលឆ្នាំ២០០៣។ ចំណែកនៅក្នុងក្របខ័ណ្ឌច្បាប់អន្ដរជាតិ សិទ្ធិអ្នកនិពន្ធទទួលបាននូវការការពារពីសំណាក់អនុសញ្ញាសំខាន់ៗ ចំនួន២ គឺអនុសញ្ញាក្រុងប៊ែន និងអនុសញ្ញាក្រុងហ្សឺណែវ ស្ដីពីសិទ្ធិជាសកលនៃអ្នកនិពន្ធ។ កម្ពុជានិងឥណ្ឌា គឺជាសមាជិកនៃអនុសញ្ញាក្រុងហ្សឺណែវនេះ។ ម្យ៉ាងទៀត ប្រទេសទាំងពីរសុទ្ធសឹងជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការកម្មសិទ្ធិបញ្ញាអន្ដរជាតិ។ ដូច្នេះ ឥណ្ឌាមានកាតព្វកិច្ចគោរពសិទ្ធិអ្នកនិពន្ធ ដែលមានចែងក្នុងច្បាប់របស់កម្ពុជា។
ក៏ប៉ុន្តែ ទាំងនៅក្នុងច្បាប់កម្ពុជា និងនៅក្នុងអនុសញ្ញាអន្ដរជាតិ ស្នាដៃស្ថាបត្យកម្មមិនទទួលបាននូវការការពារជារៀងរហូត ដោយគ្មានកាលកំណត់នោះទេ។ ច្បាប់របស់កម្ពុជា ក៏ដូចជាអនុសញ្ញាក្រុងប៊ែន បានកំណត់ថា សិទ្ធិបេតិកភណ្ឌរបស់អ្នកនិពន្ធទទួលបានការការពារតែក្នុងរយៈពេល ៥០ឆ្នាំប៉ុណ្ណោះ ក្រោយពីការស្លាប់របស់អ្នកនិពន្ធ។ ដូច្នេះ ច្បាប់គ្មានអនុភាពការពារស្នាដៃស្ថាបត្យកម្មប្រាសាទអង្គរវត្ត ដែលសាងសង់តាំងពីរាប់រយឆ្នាំមកហើយនោះទេ។
យ៉ាងណាក៏ដោយ បើទោះបីជាការសាងសង់ប្រាសាទចម្លងនៅឥណ្ឌា ធ្វើឲ្យកម្ពុជាចំណេញក៏ដោយ ខាតក៏ដោយ ក៏គេអាចធានាបានយ៉ាងច្បាស់ថា ប្រាសាទចម្លងនោះ នឹងមិនមានលក្ខណៈពិសេសដូចប្រាសាទអង្គរវត្តរបស់កម្ពុជាឡើយ។ វាជារឿងគួរឲ្យកត់សម្គាល់ នៅពេលដែលឥណ្ឌាគោរពស្ញប់ស្ញែងប្រាសាទអង្គរវត្ត រហូតដល់ថ្នាក់កសាងប្រាសាទចម្លងនៅប្រទេសរបស់ខ្លួន។ ប៉ុន្តែវាហាក់ដូចជាមិនចាំបាច់ទាល់តែសោះ។ ព្រោះមែនទែនទៅ ឥណ្ឌាអាចសាងសង់ប្រាសាទទ្រង់ទ្រាយធំថ្មីស្រឡាងមួយ ដើម្បីឧទ្ទិសដល់សាសនារបស់ខ្លួន ដោយមិនចាំបាច់ប៉ះពាល់ដល់ប្រាសាទអង្គរវត្តរបស់ខ្មែរ
(Source:RFI)