លោក ប៊ុន ឆៃលីម សុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា


ជំទប់ទី២ នៃសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ របស់គណបក្សសង្រ្គោះជាតិ លោក ប៊ុន ឆៃលីម បានប្រកាសសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។ ការប្រកាសចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជារបស់ លោក ប៊ុន ឆៃលីម បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រកាសស្វាគមន៍គ្រប់មេឃុំ ចៅសង្កាត់ ជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សសង្រ្គោះជាតិ ដោយរក្សាដំណែងជូនពួកគេឲ្យនៅដដែល។
ក្នុងលិខិតគោរពជូនឯកឧត្តម សុខ លូ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ដែល Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះ លោក ប៊ុន ឆៃលីម បានគូសបញ្ជាក់ថា ការសម្រេចផ្លាស់ប្តូរជីវភាពនយោបាយរបស់លោក ដោយសារតែលោកបានឃើញពីទង្វើក្បត់ជាតិរបស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ និងឃើញពីការចុះខ្សោយរបស់គណបក្សមួយនេះ។
លោក ប៊ុន ឆៃលីម បានបញ្ជាក់យ៉ាងដូច្នេះ «ពីមុនខ្ញុំមិននឹកស្មានថា ការតស៊ូដណ្ដើមអំណាចតាមរយៈការបោះឆ្នោត និងតាមរបៀបលទ្ធិប្រជាធិបតេយ្យ ពិតប្រាកដ។ ប៉ុន្ដែក្រោយពីបានឃើញឃ្លឹប Video និងសកម្មភាពជាក់ស្ដែង ញុះញង់បំបែកបំបាក់ខ្មែរជាពីរ។ លោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ (CNRP) សុខចិត្តឱនក្បាលបម្រើបរទេស គឺដើម្បីតែអំណាច មិនគិតពីមហន្ដរាយរបស់ជាតិមាតុភូមិ នេះហើយជាអំពើក្បត់ជាតិ»។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងជំនួបជាមួយតំណាងកម្មករ និយោជិត នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ បានប្រកាសស្វាគមន៍ និងអំពាវនាវដល់មេឃុំ ចៅសង្កាត់ ជំទប់ និងក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សសង្រ្គោះជាតិឲ្យចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាដំណែងរបស់ពួកគេឲ្យនៅដដែល។
តាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលកំពុងស្នើធ្វើវិសោធនកម្ម បើសិនមិនមានការចូលរួមជីវភាពទេនោះ មេឃុំ ចៅសង្កាត់ ជំទប់ ក៏ដូចជា សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សសង្រ្គោះជាតិ នឹងប្រឈមបាត់បង់តំណែង ក្រោយពេលគណបក្សនេះត្រូវរំលាយតាមបណ្តឹង របស់ក្រសួងមហាផ្ទៃ។
ក្រោយការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន មានជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់គណបក្សសង្រ្គោះជាតិបីរូបហើយ សម្រេចផ្លាស់ជីវភាពនយោបាយរួមមាន៖ លោក ចាន់ ចយ ជំទប់ទី១ នៃឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ និងលោក ស្មាន ហ៊ីម សមាជិកក្រុមប្រឹក្សាសង្កាត់ច្រាំងចំរេះទី១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ និងលោក ប៊ុន ឆៃលីម ជំទប់ទី២ នៃសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ៕

22687654_372468686543416_1089141790337066149_n 22687688_372468699876748_8642169548593564680_n