ឯកឧត្តម សុខ លូ អញ្ជើញក្នុងពិធីប្រកាសតែងតាំងមន្រ្តីគណបក្សប្រជាជនកម្ពុជា ស្រុកប្រាសាទសំបូរ
រសៀលថ្ងៃសៅរិ៍ ១២រោច ខែបុស្ស នព្វស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកប្រាសាទសំបូរ បានរៀបចំពិធីប្រកាសតែងតំាងមន្ត្រីគណបក្ស ចំនួន ៤ នាក់ ជាសមាជិកអចិន្ត្រៃនៃគណៈកម្មាធិការគណបក្សស្រុកប្រាសាទសំបូរចំនួន៣នាក់ និងជាសមាជិកគណៈកម្មាធិការគណបក្សស្រុក ចំនួន ១ នាក់ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ អនុប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ ព្រមទាំងមានការចូលរួមមាន ប្រធាន អនុប្រធានក្រុមការងារចុះជួយឃុំទំាង៥ ប្រធាន អនុប្រធាន គណៈកម្មាធិការគណបក្សឃុំទំាង ៥ និងប្រធាន អនុប្រធាន សាខាគណបក្សភូមិគ្រប់ភូមិ ផងដែរ។
ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា យើងទទួលបាននូវសុខសន្តិភាព មកដល់ថ្ងៃនេះ គឺឆ្លងកាត់ពលីកម្មច្រើនណាស់ ដូច្នេះត្រូវតែប្តេជ្ញារួមគ្នាថែរក្សាសន្តិភាពនេះអោយបានយូរអង្វែងតទៅទៀត សម្រាប់អនាគតកូនចៅយើង។ ដោយឡែកអ្នកដែលទើបតែបានតែងតាំងថ្មីនេះ ត្រូវបន្តសហការជាមួយប្រធានគណបក្សស្រុក ដើម្បីរួមគ្នាដឹកនាំឲ្យបានប្រសើរ ជំរុញសាមគ្គីភាពផ្ទៃក្នុង យកចិត្តទុកដាក់ធ្វើការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។ ជាមួយគ្នានេះដែរ ឯកឧត្តមបានជំរុញដល់លោកប្រធានបក្សក្រុងថ្មី និងក្រុមការងារ ត្រូវចុះជួយនៅមូលដ្ឋានរបស់ខ្លួនឲ្យបានញឹកញាប់ ដើម្បីសាកសួរសុខទុក្ខ និងស្តាប់សំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីជួយដោះស្រាយបញ្ហារបស់គាត់បានទាន់ពេលវេលា ដោយអនុវត្តន៍តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ទាំង៥គឺ ងូតទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់។
លោក ឃីម សុឃាង តំណាងសមាជិក ដែលទើបតែប្រកាសតែងតាំងថ្មី បានធ្វើការប្តេជ្ញាចិត្តថា គោរព និងខិតខំអនុវត្តកម្មវិធីតាមការចង្អុលបង្ហាញរបស់បក្ស និងរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង គោរពមតិភាគច្រើនជាធំ ដើម្បីជាកំលាំងសម្រាប់ពង្រឹងគុណភាព និងប្រសិទ្ធភាពការងារ។