កម្ពុជា-ថៃ ប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបាន ១៥ប៊ីលានដុល្លារនៅឆ្នាំ២០២០


កម្ពុជា-ថៃ ប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបាន ១៥ប៊ីលានដុល្លារនៅឆ្នាំ២០២០

នៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះផ្នែកពាណិជ្ជកម្មរវាងកម្ពុជា-ថៃលើកទី៦ (6th JTC) ដែលមានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ទី ២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា កម្ពុជា និងថៃ បានប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបាន ១៥ប៊ីលានដុល្លារ នៅត្រឹមឆ្នាំ២០២០។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក សុន ធិរ៉ាត់ សុនធិជីរ៉ាវង្ស (Sontirat Sontijirawong) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងតំណាងវិស័យឯកជន នៃប្រទេសទាំងពីរ ប្រមាណជាង១០០នាក់ ដើម្បីពិនិត្យមើលឡើងវិញ នូវវឌ្ឍនភាពនៃលទ្ធផល ដែលបានអនុម័តនៅឯកិច្ចប្រជុំគណៈកម្មការចម្រុះផ្នែកពាណិជ្ជកម្ម រវាងកម្ពុជា និងថៃលើកទី៥ នៅទីក្រុងបាងកក ប្រទេសថៃ ឆ្នាំ២០១៥ និងផ្លាស់ប្តូរយោបល់លើបញ្ហាប្រឈមថ្មីនានាដូចជា ការនាំចូលជ្រូក, ខ្សែភាពយន្ត និងប្រេងឥន្ធន: ពីប្រទេសថៃមកកាន់ប្រទេសកម្ពុជា និងការអនុវត្តច្បាប់គយថ្មីរបស់ថៃ។

ក្រៅពីការបង្កើនទំហំពាណិជ្ជកម្ម ភាគីកម្ពុជាបានស្នើភាគីថៃ បន្ថែមរយៈពេលនៃការនាំចូលពោតពីកម្ពុជា រហូតដល់ខែតុលារៀងរាល់ឆ្នាំ ដែលពីមុនការនាំចូលពោតមានរយៈពេលតែប្រាំខែប៉ុណ្ណោះ (ខែមីនា ដល់ខែសីហា)។ លើសពីនេះ ភាគីទាំងពីរបានឯកភាពបង្កើតក្រុមការងារចម្រុះ ដែលនឹងត្រូវកោះប្រជុំលើកទី១របស់ខ្លួន នៅក្នុងរយៈពេល៣ខែ បន្ទាប់ពីកិច្ចប្រជុំកម្ពុជា-ថៃលើកទី៦ នេះ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាច្រើនរួមមាន កិច្ចសហប្រតិបត្តិការសម្រួលពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការបើកច្រកព្រំដែន កិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម និងវិនិយោគជាដើម។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរ ក៏បានចុះហត្ថលេខាលើឯកសារចំនួនពីរ គឺ៖ ១- យុទ្ធសាស្ត្រកំណើននៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តាមបណ្តាខេត្តជាប់ព្រំដែន និង ២- អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម។

បន្ថែមពីនេះ រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក៏បានកោតសរសើរចំពោះការរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះផ្នែកពាណិជ្ជកម្ម លើកទី៦ របស់កម្ពុជា ប្រកបដោយជោគជ័យ និងបានប្តេជ្ញាទ្រទ្រង់ និងជំរុញយន្តការកិច្ចសហប្រតិបត្តិការនានា ដើម្បីបង្កើនពាណិជ្ជកម្ម និងវិនិយោគផងដែរ៕

photo_2018-02-22_15-05-58