រូបសំណាកដំរីជាន់ខ្លា ខេត្តកំពង់ធំ


-កសាងនៅឆ្នាំ ១៩៦៥
-អ្នកកសាង: លោកពូ តុងហាវ
-តួនាទី: អភិបាលខេត្តកំពង់ធំ
-ទីតាំង: ភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខា្ល ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
១.រូបសំណាកដំរីជាន់ខ្លា និងទីតាំង
រូបសំណាកដំរីជាន់ខ្លា ធើ្វអំពីស៊ីម៉ង់ត៍លាបពណ៌ខ្មៅ មានកម្ពស់ និងមាឌប្រហាក់ប្រហែល ដំរីពិត ខ្លា ពិតដែរ។ រូបនេះដាក់តាំងនៅ ដោយមានជើងមុខខាងស្តាំរបស់ដំរីជាន់លើពោះខ្លាដែលដេក ផ្ងារ ហើយជើងខ្លាទាំងបួននោះស្រវាចាប់ជើងដំរីជាប់ស្អិតជារបៀបកំពុងប្រយុទ្ធគ្នា។ សត្វខ្លាមួយទៀត នៅពីលើខ្នងដំរីនៅផ្នែកខាងក្រោយ ហើយជើងទាំងបួនរបស់វាខ្ញាំខ្នងដំរី ធើ្វឲ្យដំរីភិតភ័យបាត់បង់ ម្ចាស់ការក្នុងការប្រយុទ្ធជាមួយសត្វខ្លាមួយគូនេះ។ ដំរីបែរមុខឆ្ពោះទៅទិសនិរតីក្នុងអាការៈស្លន់ស្លោ ពន់ប្រមាណ។
រូបសំណាកប្រកបដោយសិល្បៈកម្រិតខ្ពស់នេះ គឺស្ថិតនៅក្នុងភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ សូមបញ្ជាក់ថា ឈ្មោះភូមិ សង្កាត់នេះទើបតែកើតមានក្រោយ ដែល មានរូបសំណាកដំរីជាន់ខ្លាហើយទេ គឺគេយកឈ្មោះរូបសំណាកដំរីជាន់ខ្លានេះមកដាក់ជានិមិត្តរូប នៃភូមិ សង្កាត់នេះ ។ ថ្វីបើរូបសំណាកនេះកើតមានពីឆ្នាំ ១៩៦៥ តែឈ្មោះភូមិ សង្កាត់នេះ ទើបមាន ឈ្មោះដូច្នេះក្រោយថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ប៉ុណ្ណោះ ។ មុនថ្ងៃ ៧ មករា ភូមិនេះ ឈ្មោះថា ភូមិត្បូងចាម ដូចឈ្មោះស្ពានត្បូងចាមដែរ ។ ទីតាំងតំកល់រូបសំណាកនេះនៅត្រង់កន្លែងសួនច្បារ មួយ ដែលមានសណ្ឋានរាងច្រមុះជ្រូកជាប់ថ្នល់ជាតិលេខ ៦ គឺជាកនែ្លងកម្សាន្តលំហែកាយ។
២.កាលបរិច្ឆេទ និងស្នាដៃ
តាមការស្រាវជ្រាវឲ្យដឹងថា រូបសំណាកដំរីជាន់ខ្លានេះកសាងឡើងក្នុងអំឡុងឆ្នាំ ១៩៦៥ ដោយសិល្បករដ៍ចំណាន នៃសាលារចនាខ្មែរ បច្ចុប្បន្ននេះឈ្មោះថា សាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្រោមការណែនាំ និងឧបត្ថម្ភរបស់លោកពូ តុង ហាវ ដែលជាពុទ្ធសាសនិកជនមួយរូបនិយមការកសាងវិស័យសិល្បៈ និងវប្បធម៌របស់ជាតិ។
៣. ទស្សនៈផ្សេងៗ
ដំរីជាន់ខ្លា មិនគ្រាន់តែសម្រាប់លម្អកែវភ្នែកមនុស្សទូទៅ ឬ ធើ្វឡើងដើម្បីធើ្វប៉ុណ្ណោះទេ បា្រកដ ជាលោករំលឹកដល់បុព្វកាល នៃទឹកដីរបស់ខេត្តលើវិស័យសេដ្ឋកិច្ច និងវប្បធម៌ បរិស្ថានកន្លង មកដោយជាក់ស្តែងបន្ទាប់ពីការបរាជ័យគ្រប់សមរភូមិរបស់ក្រុងរាពណ៏នៅក្រុងលង្កា និងសេនាពល ក្នុងនោះក៍មានស្តេចហនុមានផងដែរ។ ក្រុងរាពណ៍ បានចាត់តាំង កូនប្រុសរបស់ខ្លួនឈ្មោះ ឥន្ទ្រជិត ឲ្យដឹកនាំពួកយក្សដ៍ច្រើនមហិមាទៅតយុទ្ធជាមួយព្រះរាម និងព្រះល័ក្ស្មណ៏ ។ ក្នុងការប្រយុទ្ធគ្នាលើកនេះ ឥន្រ្ទជិត ក៏ត្រូវបរាជ័យទៀត ។ ឯពួកយោធាក៏ស្លាប់វិនាសអន្តរាយ ស្ទើរតែអស់ ឃើញដូច្នេះឥន្ទ្រជិតក៏ប្រើឧបាយកលក្លែងខ្លួនជាដំរីព្ធរាវណៈ ដ៍ធំមហិមាហាក់ដូចជាចុះ ពីឋានព្រះព្រហ្ម ដោយមានដងែ្ហយ៉ាង គគ្រឹកគគ្រេងដើម្បីបង្ហាញឲ្យគូសត្រូវរបស់ខ្លួនកោតស្ញប់ស្ញែង បាក់បបខ្លបខ្លាចឫទ្ធិបារមីរបស់ខ្លួន ។ប៉ុន្តែហនុមាន បានដឹងពីឧបាយកលនេះ ក៏តំណែងខ្លួន ជាសត្វខ្លាដ៏ធំមួយ និងឲ្យស្វាឈ្មោះ អង្គទ ក្លែងខ្លួនជាសត្វខ្លាដ៏ធំមួយដែរ ដើម្បីចូលតតាំងជាមួយដំរី ឥន្ទ្រជិតនេះ ។ ហនុមានក៍បានទូលព្រះរាមថាពេលណាគេទាំងពីរជាប់ដៃប្រយុទ្ធជាមួយដំរីនេះ សូមឲ្យ ព្រះអង្គថ្លែងសរឲ្យចំដងខ្លួនរបស់ វាកុំខាន ។ ដំរីឃើញខ្លាតែមិនស្គាល់ជាខ្លាហនុមាន ក៏លើកជើង បម្រុងជាន់កម្ទេចឲ្យសូន្យជីវិតតែម្តង ក៏ប៉ុន្តែហនុមានស្រវាចាប់ជើងទាំងពីរបស់ដំរីឥន្រ្ទជិតជាប់ ធើ្វឲ្យ វាបាត់បង់ជំហរប្រយុទ្ធទាំងស្រុង ។ ពេលនោះសត្វស្វាអង្គទ ដែលក្លែងខ្លូនជាសត្វខ្លាដែរបានលោត ជិះលើខ្នងដំរីរួចខាំកកេរដាច់សាច់ទាំងដុំៗ ធើ្វឲ្យវាមានការឈឺចាប់ស្រែករោទ៍រំពងព្រៃ ប្រឹងរើបម្រះ ក៏ពុំរួចឡើយ។ ឆ្លៀតឱកាសនោះ ព្រះរាមលើកធ្នូសរបាញ់ដូចរន្ទៈ ត្រូវដំរីឥន្រ្ទជិតស្លាប់ពេលនោះទៅ ។ សូមបញ្ជាក់ថា នៅចម្ងាយប្រហែល ១00 ម៉ែត្រពីទិសឧត្តរក្នុងអំឡុងសង្រ្គាមរហូតបច្ចុប្បន្ននេះ បាត់បង់រូបព្រះរាមពីទីនោះទៅហើយ យើងគួរតែធើ្វឡើងវិញ ដើម្បី ឲ្យត្រូវតាមសាច់រឿង និងគោលបំណងរបស់លោកអ្នកកសាងពីខាងដើម។ ក្នុងន័យនេះបញ្ចាក់ពីសភាវៈល្អតែងបានទទួល ជ័យជំនះលើសភាវៈអាក្រក់ ។ ដូច្នេះការកសាងរូបសំណាកនេះមិនមែនគ្រាន់តែសម្រាប់ជាគ្រឿង លម្អដល់ទីនេះទេ ប៉ុន្តែជាគតិចំពោះបច្ឆាជនគ្រប់ជំនាន់ឲ្យមើលឃើញថា តំបន់នេះជាប្រភព នៃ ធនធានធម្មជាតិ ដែលយើងត្រូវតែថែរក្សាការពារឲ្យបាន ទុកជាសម្បត្តិជាតិតទៅ ។ ហើយម្យ៉ាងទៀត ឲ្យមើលឃើញថាសភាវៈអាក្រក់ជួរជាតិទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរពីសំណាក់សភាវៈល្អសុចរិត និង យុត្តិធម៌ ។ ដំរីជាន់ខ្លាជាសម្បត្តិវប្បធម៌មួយ នៃសម្បត្តិវប្បធម៌ទាំងទ្បាយរបស់ខេត្តកំពង់ធំ ដែលត្រូវតែ ថែរក្សាការពារទុកជាកេរដំណែល កុំឲ្យបាត់បង់ដោយប្រការណាមួយឡើយ។
(ឯកសាររបស់លោក អ៊ុម សុខ អតីតប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ)

11248058_934947533213246_844269428931712530_n

11666073_934948973213102_7536911782191446296_n