ឯកឧត្តមអភិបាលខេត្ត ប្រគល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ៩៩៩ ប័ណ្ណ នៅស្រុកស្ទោង


ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអញ្ជើញជួបសំណេះសំណាល និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៩៩៩ប័ណ្ណ ស្មើនឹង ៤៩១គ្រួសារ ជូនប្រជាពលរដ្ឋ នៅភូមិងួនសៀម ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ។

លោក អ៊ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ បានឲ្យដឹងថា «មុននឹងចេញប័ណ្ណកម្មសិទ្ធសម្គាល់អចលនវត្ថុ គឺក្រុមមន្រ្តីជំនាញសូរិយាដី បានចុះមកធ្វើការវាស់វែង ក្បាលដីជូនប្រជាពលរដ្ឋជាច្រើនខែមកហើយ តែថ្ងៃនេះ គឺបានទទួលនូវប័ណ្ណកម្មសិទ្ធិជាផ្លូវការ»។

ឯកឧត្តម សុខ លូ បានថ្លែងថា ប័ណ្ណកម្មសិទ្ធិមួយសន្លឹកនេះ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់បងប្អូន សម្រាប់ការកាន់កាប់ដីធ្លីដោយស្របច្បាប់។ ដូច្នេះ សូមបងប្អូនថែរក្សាប័ណ្ណឲ្យបានល្អ និងមានសុវត្ថិភាពបំផុត ជៀសវាងមានការបាត់បង់ដោយប្រការណាមួយ ជាពិសេស សូមបងប្អូនកុំយកវាទៅអ៊ុតរឹង ពីព្រោះវាអាចធ្វើប័ណ្ណនេះខូច នៅពេលដែលយើងយកប័ណ្ណនេះទៅចុះបញ្ជីបន្ត។ ជាមួយគ្នានោះដែរ ឯកឧត្តម បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវពិចារណាឲ្យបានម៉ត់ចត់ ក្នុងករណីបងប្អូនយកប័ណ្ណកម្មសិទ្ឋិនេះ យកទៅដាក់ធនាគារ ដើម្បីយកថវិកាទៅប្រើប្រាស់ ឬដោះស្រាយបញ្ហាអ្វីមួយ ។ ក្នុងនោះ ឯកឧត្តម បានលើកទឹកចិត្តដល់បងប្អូនដែលបានទទួលប័ណ្ណកម្មសិទ្ធិនេះ សូមកុំលក់ ព្រោះប័ណ្ណនេះ វាជាអាយុជីវិតរបស់បងប្អូន និងទុកសម្រាប់បែងចែកដីឲ្យកូនចៅនៅថ្ងៃក្រោយៗទៀត។

ឯកឧត្តម បានបញ្ជាក់ឲ្យដឹងថា នេះគឺជាយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល លើវិស័យដីធ្លី គឺធ្វើយ៉ាងឲ្យប្រជាពលរដ្ឋគ្រប់គ្នា ទទួលបាននូវប័ណ្ណកម្មសិទ្ធដីធ្លីស្របច្បាប់ ក្នុងការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍន៍សង្គមប្រកបដោយចីរភាព។ ការដែលចែកប័ណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋ មានការយឺតយ៉ាវនេះ ដោយសារមន្ត្រីជំនាញរបស់យើងមានការមមាញឹកច្រើន ខិតខំធ្វើការងារនេះមិនបានសម្រាកនោះទេ ប៉ុន្តែទោះជាយ៉ាងណាក្តី ក៏ក្រុមការងារមន្ត្រីជំនាញ នៅតែខិតខំធ្វើការងារនេះជូនបងប្អូនប្រជាពលរដ្ឋជាបន្តបន្ទាប់ទៀត។

ចុងក្រោយ ឯកឧត្តម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រូវទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ព្រោះការបោះឆ្នោតនេះ មានសារៈសំខាន់ណាស់ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំណា ដែលបងប្អូនពេញចិត្ត ដែលអាចថែរក្សាសុខសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានភាពជឿនលឿនបន្តទៀត៕