សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់ក្របខ័ណ្ឌគ្រូបង្រៀនសរុបចំនួន ៦០នាក់ និងអាគារសិក្សាកម្ពស់៤ជាន់


សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់ក្របខ័ណ្ឌគ្រូបង្រៀនសរុបចំនួន ៦០នាក់ និងអាគារសិក្សាកម្ពស់៤ជាន់ ដែលពីមុនបង្រៀនសិស្សក្រីក្រទទួលប្រាក់ឧបត្ថមពីព្រះសង្ឃ ក្នុងអាគារទ្រុឌទ្រោម
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកឡើងវិញថាកាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៧កន្លងទៅ ធ្លាប់បានចុះមកផ្ទាល់ មើលឃើញការលំបាកនៅក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ ដែលជាវត្តអារាមបំរើឱ្យផ្នែកពុទ្ធិចក្រ ប៉ុន្តែជាក់ស្តែងបានបំរើជូនផ្នែកអាណាចក្រច្រើនជាង នៅក្នុងវិស័យធនធានមនុស្ស ដោយព្រះសង្ឃបានឧបត្ថមគ្រូបង្រៀន ឱ្យមកបង្រៀនសិស្សក្រីក្រនៅក្នុងវត្ត ទុកអាគារឱ្យសិស្សរៀន ហើយទៅជួលផ្ទះស្នាក់នៅ ដោយលោកបានមានប្រសាសន៍ថា «អ្វីដែលខ្ញុំព្រះករុណាខ្ញុំកោតសរសើរនៅត្រង់ថានេះជាទីអារាម ក៏ប៉ុន្តែបំរើឱ្យអាណាចក្រច្រើនជាង លើការបណ្តុះបណ្តាលធនធានមនុស្ស គឺលោករកកន្លែងសឹង្ហមិនបានផង ក៏ប៉ុន្តែទៅជាមានកន្លែងឱ្យកូនសិស្សក្រីក្ររៀន»។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា «ហើយអ្វីដែលខ្ញុំព្រះករុណាខ្ញុំកោតសរសើរមែនទែននៅត្រង់ថា គ្រូបង្រៀនដែលបង្រៀននៅទីនេះទាំងអស់ត្រូវឧបត្ថម្ភថវិកាជាប្រាក់ ដោយព្រះសង្ឃតែម្តង អត់មានក្របខ័ណ្ឌរដ្ឋទេ ដែលមួយខែត្រូវចំណាយអស់ជាង ៣ពាន់ដុល្លារសហរដ្ឋអាមេរិក ដូច្នេះពេលនោះបានបញ្ជូលក្របខណ្ឌគ្រូនៅទីនេះចំនួន ៣៣នាក់ ដើម្បីកាត់បន្ថយនូវការលំបាករបស់ព្រះតេជគុណ ដែលខ្ញុំព្រះករុណាខ្ញុំពិតជាវាយតម្លៃខ្ពស់ទៅលើចំណុចនេះ ដោយពេលនោះកន្លែងនេះររខេករខាក ប៉ុន្តែកន្លែងកូនសិស្សរៀនគ្រាន់បើ»។
សម្តេចនាយរដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងដូចនេះក្នុងឱកាស អញ្ជើញកាត់ឫសសីមាព្រះវិហារ សម្ពោធសមិទ្ធផលនានានៅវត្ត ព្រះឥន្ទសាមគ្គីធម៌ និងពិធីស្រោចស្រពសុគន្ធវារី ប្រគេនសម្តេចព្រះសង្ឃនាយករងចំនួន ០២ព្រះអង្គ នៃគណៈធម្មយុត្តិកនិកាយស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃអង្គារ ទី២៦ ខែមិថុនា ឆ្នាំ២០១៨។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមក្រសួងអបរំ យុវជន និងកីឡា បានប្រកាសផ្តល់ក្របខណ្ឌគ្រូចំនួន ២៧នាក់ បន្ថែមពីលើការផ្តល់ពីលើកមុនចំនួន ៣៣នាក់ សរុបចំនួន ៦០នាក់ «យើងបានបញ្ចូលក្របខ័ណ្ឌមន្ត្រីជាប់កិច្ចសន្យាចំនួន ៣៣នាក់ហើយ នៅមានបុគ្គលិកជាប់កិច្ចសន្យាចំនួន ១៥នាក់ និងបុគ្គលិកស្ម័គ្រចិត្តចំនួន ១២នាក់បន្ថែមទៀត ដែលព្រះតេជគុណនៅបន្តផ្តល់ប្រាក់បៀវត្សឱ្យ ព្រោះដល់ពេលសាលាកើតធំទៅ ត្រូវរកគ្រូមកថែម ហើយតាំងពីគ្រូកុំព្យូរទ័រ អ៊ីចឹងខ្ញុំព្រះករុណាក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ប្រកាសបញ្ចូលក្របខណ្ឌគ្រូជាប់កិច្ចសន្យា និងគ្រូស្ម័គ្រចិត្ត សរុបទាំងអស់ចំនួន ២៧នាក់ថែមទៀត»។
បន្ថែមពីលើនេះដោយមើលឃើញភាពជាក់ស្តែងមានការកើនឡើងសិស្សជាច្រើន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា «ដោយការកើនឡើង មិនត្រឹមតែជាសិស្សដែលជាបាសក់ ប៉ុន្តែក៏មានសិស្សជាព្រះសង្ឃនោះ ផ្តល់ជូនអាគារសិក្សា១ខ្នងកំពស់ ៤ជាន់ មាន ៣២ បន្ទប់ បន្ថែមជាមួយនឹងអាគារស្នាក់នៅ ១ខ្នង ៣ជាន់ ១២បន្ទប់ ជំនួសឱ្យអាគារទ្រុឌទ្រោម មួយខ្នង ១០បន្ទប់ និងបន្តធ្វើការអភិវឌ្ឍបន្ថែមទៀត»៕