សាលាពុទ្ធិកសមាគមកម្ពុជរដ្ឋ នៅថ្ងៃសុក្រ ០៩រោច ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានបន្តធ្វើសកម្មភាពអប់រំសីលធម៌បែបព្រះពុទ្ធសាសនា និងចែកសម្ភារៈសិក្សា ដល់សិស្សានុសិស្ស វិទ្យាល័យ អនុវិទ្យាល័យ ប្រមាណជាង ១ពាន់នាក់ នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ពិធីនេះប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពសម្តេចឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា សមាជិកថេរសភាសង្ឃជាន់ខ្ពស់នៃកម្ពុជា សម្តេចព្រះពុទ្ធជ័យមុន្នី ឃឹម សន ជាព្រះមេគណរាជធានីភ្នំពេញ ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះមេគណខេត្តកំពង់ធំ លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ។
ដោយសារសម្លេងស្មូត្រយ៉ាងក្រអួនក្រអៅពីព្រះសិរីកោសល សុំ សុខា ព្រះសមុហ៍គណរាជធានីភ្នំពេញ អនុប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ ពោរពេញដោយខ្លឹមសារអប់រំ ដែលរៀបរាប់ពីទុក្ខលំបាករបស់ឪពុកម្តាយ បានអង្រួនបេះដូងសិស្សានុសិស្ស ជាង ១ពាន់នាក់ ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។ សិស្សានុសិស្សទាំងអស់ មានអាកប្បកិរិយាសង្វេគ ចំពោះទង្វើរបស់ខ្លួន ដែលធ្លាប់មានឥរិយាបទមិនសមរម្យ មិនស្តាប់ការប្រៀនប្រដៅ ព្រមទាំងធ្លាប់ធ្វើខុសដាក់អ្នកមានគុណរបស់ពួកគេ។
តំណាងក្រុមសិស្សានុសិស្ស បានរៀបរាប់ទាំងអួលដើមកថា ខ្លួនធ្លាប់បានធ្វើខុសចំពោះឪពុកម្តាយ និងតែងតែតមាត់ មិនស្តាប់ដំបូន្មានឪពុកម្តាយ គ្រប់ពេលដែលពួកគាត់ ណែនាំកុំឲ្យដើរលេងផ្តេសផ្តាស ឬប្រើឲ្យធ្វើការជាដើម។ តំណាងក្រុម បានបន្តថា ពីមុនខ្លួនគេតែងតែគិតថា ឪពុកម្តាយមិនដែលស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះរូបខ្លួនឡើយ ដែលពួកគាត់តែងតែហាមប្រាមមិនឲ្យខ្លួនដើរលេងពេលយប់ ផ្ទុយទៅវិញអ្នកមានគុណទាំងពីរ បានគិតពីសុវត្ថិភាព ព្រួយបារម្ភចំពោះកូន ខ្លាចកូនដើរធ្លាក់ក្នុងរណ្តៅអបាយមុខ។ ជាមួយគ្នានេះ កុមារទាំងមូល បានប្តេជ្ញាខិតខំរៀនសូត្រ និងស្តាប់បង្គាប់ឪពុកម្តាយ មិនធ្វើឲ្យពួកគាត់ពិបាកចិត្តទៀតឡើយ។
ក្នុងឱកាសនោះដែរ សម្តេចព្រះពុទ្ធជ័យមុន្នី ឃឹម សន និងសម្ដេចឧត្ដមចរិយា បណ្ឌិត ឈឹង ប៊ុនឈា មានសង្ឃដីកាថា ព្រះពុទ្ធសាសនា ជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមយ៉ាងសកម្មក្នុងវិស័យអប់រំ។ សម្តេចសង្ឃ មានសង្ឃដីកាបន្តថា តាមរយៈអប់រំតាមផ្លូវពុទ្ធសានានេះដែរ បានបញ្ជ្រាបចំណេះដឹង សីលធម៌ ចរិយាធម៌ ដល់សិស្សានុសិស្ស ឲ្យភ្ញាក់រលឹកចូលរៀនសូត្រវិញ ចេះស្ដាប់ដំបូន្មានឳពុកម្ដាយ លោកគ្រូ អ្នកគ្រូ ស្គាល់គុណ ស្គាល់ទោស ស្គាល់ល្អ ស្គាល់អាក្រក់ និងចេះគោរពចាស់ទុំ។
លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ មានប្រសាសន៍លើកឡើងថា កម្មវិធីអប់រំសីលធម៌បែបព្រះពុទ្ធសាសនានេះ ត្រូវបានធ្វើឡើងជាលើកទី៣ នៅក្នុងខេត្តកំពង់ធំ ដែលមានសិស្សានុសិស្សចូលរួមសរុបទាំង៣លើកនេះ ប្រមាណ ជិត ១ម៉ឺននាក់។ លោកជំទាវបន្តទៀតថា ការប្រារព្ធកម្មវិធីនេះឡើង មានគោលបំណង អប់រំសីលធម៌តាមបែបព្រះពុទ្ធសាសនា ដឹងគុណមាតាបិតា ចេះធ្វើអំពើល្អ ដោយប្រតិបត្តិតាមពុទ្ធោវាទ របស់ព្រះសម្មាសម្ពុទ្ធដែលជាព្រះបរមគ្រូ នៃពុទ្ធសាសនិកជនគ្រប់ៗគ្នា។
ឯកឧត្តម សុខ លូ សូមថ្លែងអំណរអរព្រះគុណ និងអរគុណដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងអ្នកចូលរួមទាំងអស់គ្នា ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ ជាពិសេស លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ ដែលបានចូលរួមបរិច្ចាគទាំងថវិកា និងសម្ភារៈ។ ក្នុងនោះ ឯកឧត្តម បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ខិតខំសិក្សារៀនសូត្រ ដើម្បីក្លាយជាសិស្សល្អ កូនល្អ មនុស្សល្អក្នុងសង្គម ចូលរួមគោរពច្បាប់ចរាចរណ៍ ជៀតឲ្យឆ្ងាយគ្រឿងញៀន ឬការប្រព្រឹត្តិខុសនានា ដែលនាំឲ្យវិនាសដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ ជាមួយគ្នានោះ ឯកឧត្តម អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមទាំងសិស្សានុសិស្ស ដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ក្នុងការជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដើម្បីរក្សាការពារនូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងអភិវឌ្ឍន៍ប្រទេសជាតិបន្តទៀត៕