ព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៥ នៅវត្តឥន្រ្ទីយ៍សំវរៈ (ហៅវត្តកំពង់ធំ) ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី ២ នៃរដ្ឋសភា អមដំណើរដោយ ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា ទីប្រឹក្សា បាននាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ ព្រមទាំងគ្រឿងឧបភោគបរិភោគ ប្រគេនដល់វត្តអារាមចំនួន ១០ ក្នុងខេត្តកំពង់ធំ។ ចូលរួមក្នុងពិធីនោះរួមមាន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត អភិបាលរងខេត្ត មន្រ្តីរាជការ មកពីស្ថាប័នមន្ទីរជុំវិញ ខេត្ត/ក្រុង ព្រមទាំងឧបាសក ឧបាសិកា សីលវ័ន សីលវតី ប្រមាណជា ៣០០ នាក់។
បន្ទាប់ពីនមសិកា សមាទានសីល និងវេរប្រគេនទានព្រះវស្សា ទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគរួចមក ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍សំណេះសំណាលក្នុងអង្គពិធី ដោយគូសបញ្ជាក់ថាៈ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណចក្រកម្ពុជា។ ដូច្នេះពុទ្ធសាសនិកទាំងឡាយ ត្រូវគោរពប្រណិបត្តិឲ្យបានខ្ជាប់ខ្ជួនសំដៅលើកកំពស់ព្រះពុទ្ធសាសនា ដែលជាទីគោរពសក្ការៈ។ ជាក់ស្តែងនៅគ្រប់ទីវត្តអារាមទូទាំងប្រទេសបាននិងកំពុងគោរពនូវប្រពៃណី សាសនា គឺបុណ្យចូលព្រះវស្សាដែលប្រជាជនខ្មែរបានគោរពបូជាតាំងពីយូរយារណាស់មកហើយ។ ឯកឧត្តមបណ្ឌិតមានប្រសាសន៍បន្ថែមថាៈ ទីវត្តអារាមមិនត្រឹមតែបម្រើវិស័យសាសនា និងជាទីសក្ការៈ បូជារបស់បងប្អូនពុទ្ធបរិស័ទប៉ុណ្ណោះទេ តែជាទីកន្លែងដែលប្រមូលផ្តុំនូវ អរិយធម៌ វប្បធម៌ ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងជាគ្រឹះអក្សរសាស្ត្រខ្មែរផងដែរ។
ឯកឧត្តមបណ្ឌិតបានប្រគេន វត្តឥន្រ្ទីសំវរៈ (ហៅវត្តកំពង់ធំ) រួមមាន ទៀនវស្សាធុនធំមានបាយសី ០១ គូ បច្ច័យ២លានរៀល អង្ករ ២០០ គ.ក្រ និងប្រគេនព្រះមេគណខេត្ត ៤០ម៉ឺនរៀល ដោយឡែក វត្តព្រះអនុគណស្រុក/ក្រុងទាំង ០៨ និងវត្តត្រពាំងជ្រៃ ប្រគេនទៀនព្រះវស្សាធុនធំមានក្បាច់ ០១ គូ បច្ច័យ ១លាន រៀល អង្ករ ១០០ គ.ក្រ ឧបភោគបរិភោគ រួមមាន មី ០៣ កេស ទឹកត្រី ០៣ យួរ ទឹកស៊ីអ៊ីវ ០៣ យួរ ស្ករស ០៥ គ.ក្រ កាហ្វេ ០២ គ.ក្រ ទឹកដោះគោ ១០ កំប៉ុង ទឹកបរិសុទ្ធ ០៥ កេស ទឹកក្រូចដបធំ ០៦ ដប តែ ១ គ.ក្រ ឆៃប៉ូវ ០២ គ.ក្រ ធូបធំ ០១ ដុំ ដើម្បីទុកសម្រាប់ប្រើប្រាស់ពេលចូលព្រះវស្សា និងជូន យាយជី តាជី ចំនួន ១០០ នាក់ ទទួលបានក្នុងម្នាក់ៗ ក្រណាត់ស មួយដុំ ថវិកា ១០,០០០ រៀល លោកតា អាចារ្យ ១២ នាក់ ទទួលថវិកា ២០,០០០ រៀល ផងដែរ។
(អត្ថបទ: ឆេងអាន, រូបភាពៈ ឃាត់ វុទ្ធី)