ព្រឹកថ្ងៃច័ន្ទ ៤កើត ខែទុតិយាសាធ ឆ្នាំច សំរិទ្ធិសក័ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជន កម្ពុជា អនុប្រធានទី ២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំ និងជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ មណ្ឌលខេត្តកំពង់ធំបាន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយអ្នកបោះឆ្នោតចំនួនជាង១.០០០នាក់ ក្នុងស្រុកសណ្តាន់ខេត្តកំពង់ធំ ដែលបានអញ្ជើញមកពីឃុំមានរិទ្ធ ឃុំងន និងឃុំឈើទាល ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍ចំពោះអង្គពិធីដោយរំលឹកនូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ “ បើស្រឡាញ់ បើអាណិត បើពេញចិត្ត បើជឿជាក់ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា” នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ និង បញ្ជាក់ជូននូវខ្លឹមសារសំខាន់ៗគឺ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ប្រព្រឹត្តទៅក្នុងពេលប្រជាជនទូទាំងប្រទេសបានស្តាប់នូវសេចក្តីថ្លែងការណ៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងទទួលអបអរសាទរយ៉ាងក្រៃលែងចំពោះពិធីបុណ្យខួបកំណើតលើកទី ៦៧ របស់គណបក្សប្រជាជនកម្ពុជាដែលបានប្រសូត្រចេញនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ១៩៥១ នៃចលនាតស៊ូរបស់ប្រជាជនកម្ពុជាស្នេហាជាតិប្រឆាំងនឹងពួកអាណានិគមនិយមបារាំងដើម្បីឯករាជ្យជាតិដោយឆ្លងកាត់ឧបសគ្គរាប់មិនអស់ ។ អាស្រ័យវីរភាពដ៏ហានក្លា ឆន្ទៈដ៏មុតស្រួចដើម្បីផលប្រយោជន៍ប្រជាជន និងប្រជាជាតិនេះហើយបានជាគណបក្សប្រជាជនកម្ពុជាមានកំលាំងគាំទ្ររាប់លាននាក់ជាប្រភពគាំទ្របង្កើតបានសមិទ្ធផលគ្រប់វិស័យចាប់ពីថ្ងៃរំដោះ ៧មករា ១៩៧៩ មកដល់សព្វថ្ងៃមានរយៈពេល ៣៩ឆ្នាំហើយ ។
ឯកឧត្តមបណ្ឌិត បានជំរាបជូនអំពីគោលការណ៍៨ ចំណុចរបស់កម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត ដែលនាំឲ្យមានរបបប្រល័យពូជសាសន៍នៅកម្ពុជាពីឆ្នាំ ១៩៧៥-១៩៧៩ នោះគឺ ៖ ជំលៀសប្រជាជនចេញ ពីទីក្រុង ទីប្រជុំជន ទៅកាន់ជនបទ, បំបាត់ក្រដាសប្រាក់ចាស់ រក្សាទុកក្រដាសប្រាក់ទើបបោះពុម្ភថ្មី និងបំបាត់ផ្សារទូទាំងប្រទេស, បង្កើតផ្ទះបាយហូបរួម, លុបបំបាត់សាលារៀន វិស័យអប់រំគ្រប់កំរិត, លុបបំបាត់វត្តអារាម និងផ្សិកព្រះ សង្ឈទូទាំងប្រទេស, លុបបំបាត់មន្ទីរពេទ្យ និងវិស័យសុខាភិបាលទូទាំងប្រទេស, ដេញអនិកជនវៀតណាមទៅប្រទេសកំណើតវិញ, កំទេចចោលភ្នាក់ងារ CIA និង KGB ។
ឯកឧត្តមបណ្ឌិត ក៏បានមានប្រសាសន៍បញ្ជាក់អំពីថា តើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមានសារៈសំខាន់អ្វីខ្លះ ? តើបដិវត្តពណ៌នៅកម្ពុជា ជាបដិវត្តដែលអនុវត្តលទ្ធិប្រជាធិបតេយ្យក្លែងក្លាយមែនឬទេ ? គឺវាពិតប្រាកដណាស់ , អំពីយុទ្ធនាការឃោសនាបោះឆ្នោត ចាប់ពីថ្ងៃទី ០៧ ខែកក្កដា រហូតដល់ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៨ និងការបង្រៀនសមាជិកបក្ស និងប្រជាជនគាំទ្រទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ក្នុងកាព្វកិច្ចរបស់ពលរដ្ឋ ចំពោះចក្ខុវិស័យ ផ្សារភ្ជាប់វាសនាខ្លួន និងចំពោះអនាគតរបស់ប្រទេសជាតិ ។