ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ប្រមាណ ១.០០០នាក់


នៅរសៀលថ្ងៃសៅរ៍ ៩ កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិសក័ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ទ្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី ២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំ និងជាបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៦ មណ្ឌល ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ប្រមាណ ១.០០០នាក់ ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍ សំណេះសំណាលចំពោះ អង្គពិធីដោយបានកោតសសើរគណបក្សស្រុកកំពង់ស្វាយ ដែលបានខិតខំបំពេញការងារ និងទទួលបានលទ្ធផលជាទីគាប់ចិត្តក្នុងរយៈពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ និងសូមថ្លែងអំណរគុណចំពោះរលកនៃការគាំទ្រគណបក្សប្រជាជនកម្ពុជារបស់ប្រជាជន និងសមាជិកគណបក្សដែលបានប្តេជ្ញាចិត្តគាំទ្រគណបក្សប្រជាជនកម្ពុជាដូចដែលឯកឧត្តមបណ្ឌិតបានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាជននៅស្រុកបារាយណ៍ ស្រុកសណ្ដាន់ ស្រុកប្រាសាទសំបូរណ៍ ស្រុកប្រាសាទបល្លង្គ័ និងស្រុកស្ទោងកន្លងមកថ្មីៗ នេះ ។
ឯកឧត្តមបណ្ឌិត ក៏បានមានប្រសាសន៍បកស្រាយអំពីដំណើរការលទ្ធិប្រជាធិបតេយ្យដ៏ល្អ ប្រសើរដែលកម្ពុជាកំពុងអនុវត្ត ក្នុងនោះកន្លងមកកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់, បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងពេលនេះគឺកម្ពុជា កំពុងដំណើរការយុទ្ធនាការឃោសនា ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ។ ផ្ទុយទៅវិញចំពោះបំណង ចង់បង្កើតចលនាបដិវត្តន៍ពណ៍ដើម្បីផ្តូលរំលំរដ្ឋាភិបាលស្របច្បាប់ និងសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ត្រូវបានទប់ស្កាត់ទាន់ពេលវេលា និងទទួលបរាជ័យ ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ក៏បានមានប្រសាសន៍សំណូមពរអង្គពិធី សមាជិកបក្ស និងប្រជាជនទាំងអស់ត្រូវជ្រួតជ្រាបអំពីគោលនយោបាយ កម្មវិធីនយោបាយបក្ស និងអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា ៕