ថ្ងៃទី២៧ កក្កដា ឆ្នាំ២០១៨ គឺជាថ្ងៃបិទយុទ្ធនាការឃោសនារកសម្លេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ សម្រាប់គណបក្សនយោបាយទាំងអស់ទូទាំងប្រទេស ក្នុងនោះខេត្តកំពង់ធំ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងលោកជំទាវ បានដឹកនាំគណបក្សដង្ហែក្បួនឃោសនាស្វែងរកសម្លេងឆ្នោត ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលមានការចូលរួមពីសមាជិកគណបក្សនយោបាយ សកម្មជនយុវជនបក្ស និងប្រជាពលរដ្ឋ អាជីវករ ក្រុមអ្នកហាត់ប្រាណ ដែលមានការជឿជាក់មកលើគណបក្សប្រជាជនកម្ពុជា ប្រមាណជិត ៧ពាន់នាក់ និងសរុបទូទាំងខេត្តកំពង់ធំទាំងមូល មានអ្នកចូលរួម ប្រមាណជិត ៥ម៉ឺននាក់ ដែលបានរៀបចំដង្ហែក្បួន ចាប់ពីភោជនីយដ្ឋានរស្មីច័ន្ទពេញវង់ ក្រុងស្ទឹងសែន ឆ្ពោះទៅកាន់ភ្នំសន្ទុក ស្រុកសន្ទុក។
ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម សុខ លូ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានអំពាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ កុំបីខាន ដោយនាំយកទៅជាមួយនូវ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬអត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។ ឯកឧត្តមបន្ថែមទៀតថា បងប្អូនដែលមានឈ្នោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ប្រសិនបើមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ខ្លួនត្រូវបានបាត់ ឬខូច ត្រូវរួសរាន់ដាក់ពាក្យស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតនៅរដ្ឋបាលឃុំ សង្កាត់សាមី ឲ្យបានឆាប់រហ័ស។ ម្យ៉ាងវិញទៀត នៅពេលដែលពុកម៉ែបងប្អូនទទួលបានសន្លឹកឆ្នោត សូមពិនិត្យមើល បើសន្លឹកឆ្នោតគ្មានបោះត្រានៅខាងខ្នង ឬមានប្រឡាក់ទឹកត្រា ទឹកខ្មៅ ត្រូវសុំដូរសន្លឹកឆ្នោតថ្មីវិញ ព្រោះសន្លឹកឆ្នោតបែបនេះត្រូវចាត់ទុកជាសន្លឹកឆ្នោតមិនបានការ និងគូសឲ្យចំគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញារូបទេវតាបាចផ្កា ស្ថិតនៅលេខរៀងទី ២០ លើសន្លឹកឆ្នោត ដោយសមាជិកគណបក្សប្រជាជនម្នាក់ ត្រូវក្លាយជាសន្លឹកឆ្នោតមួយសន្លឹកពិតប្រាកដ ជូនគណបក្សប្រជាជនកម្ពុជា។
បើយោងតាមការបញ្ជាក់របស់មន្ត្រី គ.ជ.ប បានអះអាងថា នៅក្នុងខេត្តកំពង់ធំ មាន ឃុំ-សង្កាត់ ចំនួន ៨១ ឃុំ-សង្កាត់ មានមន្ត្រីបម្រើការបោះឆ្នោត ចំនួន ៦.៦២៤នាក់ ការិយាល័យបោះឆ្នោត ចំនួន ១.១០៤ ការិយាល័យ កងកម្លាំងការពារសន្តិសុខ ៣.៤៧១ នាក់ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចំនួន ៣៨៤.៧៥៩ នាក់ និងមានគណបក្សនយោបាយដែលបានដាក់ពាក្យសុំធ្វើការឃោសនាចំនួន ១៧គណបក្ស ក្នុងនោះគណបក្សដែលសុំដាក់ក្បួនដង្ហែធ្វើការឃោសនា ស្វែងរកសម្លេងឆ្នោត មានចំនួន ៧ គណបក្សនយោបាយតែប៉ុណ្ណោះ។ សម្រាប់ខេត្តកំពង់ធំ ចាប់តាំងពីថ្ងៃដំបូងនៃយុទ្ធនាការឃោសនារកសម្លេងឆ្នោត រហូតដល់ថ្ងៃចុងក្រោយនេះ បានប្រព្រឹត្តទៅយ៉ាងរលូន ប្រកបដោយតម្លាភាព និងមានភាពជឿជាក់រៀងៗខ្លួន សម្រាប់គណបក្សនយោបាយនីមួយៗផងដែរ៕