អនុរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស ប្រកាសជំហររបស់ចក្រភពអង់គ្លេសក្នុងការបន្តជាមិត្ត ហើយចូលរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជា


នៅវិមានសន្តិភាព ព្រឹកថ្ងៃពុធ ទី២២ ខែសីហា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយលោក ម៉ាក ហ្វីល (Mark Field) អនុរដ្ឋមន្ត្រីការបរទេស ចក្រភពអង់គ្លេស ទទួលបន្ទុកអាស៊ី និងប៉ាស៊ីហ្វិក។ លោក Mark Field បានគោរពជម្រាបជូន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា នេះគឺជាលើកទី១ហើយ ដែលលោកបានធ្វើដំណើរមកកាន់កម្ពុជា ហើយលោកមានសេចក្តីរីករាយ ជាពិសេសទំនាក់ទំនងកម្ពុជា និងចក្រភពអង់គ្លេស គឺទំនាក់ទំនងទ្វេភាគី មានភាពល្អយ៉ាងខ្លាំង ហើយទំនាក់ទំនងជាមួយអាស៊ាន ក៏ដូចគ្នាដែរ។ ក្នុងន័យនេះ លោកចង់ឱ្យទំនាក់ទំនងនេះ កាន់តែបន្តរឹងមាំថែមទៀត។
លោក Mark Field ក៏បានបញ្ជាក់ផងដែរថា ចក្រភពអង់គ្លេស គឺនៅតែបន្តជាមិត្តរបស់កម្ពុជា ហើយចង់ចូលរួមចំណែកក្នុងការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើវិស័យសេដ្ឋកិច្ច, ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន, លើវិស័យប្រែប្រួលអាកាសធាតុ, វិស័យអប់រំ, វិស័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រជាដើម។ លើសពីនោះទៅទៀត លោក ក៏បានបន្ថែមថា ចក្រភពអង់គ្លេសនឹងបន្តជួយដល់កម្ពុជាលើវិស័យដោះមីនផងដែរ។
ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរគុណ ជូនចំពោះចក្រភពអង់គ្លេស ដែលជារៀងរហូតមកតែងតែផ្តល់ជំនួយដល់កម្ពុជា តាមរយៈវិស័យអប់រំ ដែលជាវិស័យនៃការបណ្តុះបណ្តាលធនធានមនុស្សនេះ។ លោកក៏បានថ្លែងអំណរគុណ ដល់ចក្រភពអង់គ្លេសផងដែរ ជួយយ៉ាងច្រើនដល់កម្ពុជាក្នុងការដោះមីនផងដែរ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសំណូមពរឱ្យចក្រភពអង់គ្លេសពិចារណាធ្វើយ៉ាងណាជួយដល់វិស័យដោះមីននេះ ដល់មជ្ឈមណ្ឌលដោះមីនអាស៊ានផង ព្រោះមជ្ឈមណ្ឌលដោះមីនអាស៊ាននេះ មានទីតាំងនៅប្រទេសកម្ពុជា ហើយក៏មានតួនាទីសំខាន់ផងដែរ ក្នុងការបណ្តុះបណ្តាល បង្រៀន ប្រជាជននៅក្នុងតំបន់អាស៊ាន មិនមែនត្រឹមតែប្រទេសកម្ពុជានោះទេ ដើម្បីបម្រើការងារក្រោមឆ័ត្រ អង្គការសហប្រជាជាតិ ក្នុងការថែរក្សាសន្តិភាព នៅក្នុងពិភពលោកផងដែរ៕