ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការរៀបចំនិងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០១៩ ២០២១)
ដើម្បីអភិវឌ្ឍខេត្តកំពង់ធំឲ្យមានការរីកចម្រើន និងដោះស្រាយបញ្ហា តម្រូវការនានារបស់ប្រជាពលរដ្ឋ ជាក់ស្តែងនាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការរៀបចំនិងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានក្រុមការងារការកសាងផែនថ្នាក់ខេត្ត ដែលមានការអញ្ជើញចូលរួមពីលោកអភិបាលក្រុងស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបផងដែរ។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា ការកសាងកម្មវិធីវិនិយោគ បីឆ្នាំរំកិលខេត្ត (២០១៩-២០២១)នេះ បានកំណត់នូវ គោលនយោបាយ ចក្ខុវិស័យ គោលបំណង គោលដៅ និងយុទ្ធសាស្ត្រច្បាស់លាស់ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំកម្មវិធីវិនិយោគជារៀងរាល់ឆ្នាំ។ ដោយអនុវត្តតាមសេចក្តីណែនាំបច្ចេកទេស ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលត្រូវអនុវត្តបីជំហាន គឺជំហានទី១ ការប្រមូលធាតុចូល ជំហានទី២ ការរៀបចំសេចក្តីព្រាងកម្មវិធីវិនិយោគ និងជំហានទី៣ ការពិនិត្យ អនុម័ត និងផ្សព្វផ្សាយកម្មវិធីវិនិយោគ។
ឯកឧត្តម បន្ថែមទៀតថា ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលនេះ ត្រូវអនុវត្តជាប្រព័ន្ធ គឺការណែនាំ ផ្សព្វផ្សាយត្រូវអនុវត្តពីថ្នាក់ខេត្តទៅថ្នាក់ក្រុង ស្រុក ហើយថ្នាក់ក្រុង ស្រុក ត្រូវណែនាំផ្សព្វផ្សាយបន្តទៅថ្នាក់ឃុំ សង្កាត់ ប៉ុន្តែសម្រាប់ដំណើរការរៀបចំបំពេញទម្រង់នានាត្រូវចាប់ផ្តើមពីថ្នាក់ឃុំ សង្កាត់មកមុន ដូចនេះបើសិនជាយឺតយ៉ាវនៅថ្នាក់ណាមួយនោះ នាំឲ្យមានការយឺតយ៉ាវជាប្រព័ន្ធ ។ ដូចនេះដើម្បីអោយដំណើរការស៊ីសង្វាក់គ្នា រវាងថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំសង្កាត់ ការងារដែលត្រូវរៀបចំដំបូងគឺ ការរៀបចំកាលវិភាគការងារទៅតាមជំហាននីមួយៗអោយបានស្របគ្នា។
ក្នុងនោះ ឯកឧត្តម អភិបាលខេត្ត បានសំណូមពរដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ ដោយការទទួលខុសត្រូវខ្ពស់ក្នុងការចូលរួម អនុវត្តទៅតាមការណែនាំក្នុងការផ្តល់ព័ត៌មាន បំពេញទម្រង់ផ្សេងៗ ឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា៕