អភិបាលខេត្តកំពង់ធំ បញ្ចប់កិច្ចសន្យាខ្ចីដីក្រុមហ៊ុន ត្រឹង សាន ដើម្បីវិនិយោគចំណតរថយន្ត និងស្តង់លក់ទំនិញ នៅស្រុកសន្ទុក


ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងថា សូមក្រុមការងារថ្នាក់ខេត្ត ស្រុក គោលដៅ ត្រូវខិតខំរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ដើម្បីដោះស្រាយបញ្ហាការបញ្ចប់កិច្ចសន្យាខ្ចីដីរបស់ក្រុមហ៊ុន ត្រឹង សាន លើផ្ទៃដីទំហំ ១២.៦៦២ម ដែលជាដីទ្រព្យសម្បត្តិរបស់ឃុំ ក្រោមការគ្រប់គ្រងរបស់ស្រុក ជូនក្រុមហ៊ុន ទង់ គឹមឡា តាមគោលការណ៍របស់រាជរដ្ឋាភិបាល ដើម្បីវិនិយោគសាងសង់ចំណតរថយន្ត និងស្តង់លក់ទំនិញ បម្រើផលប្រយោជន៍សាធារណៈជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិប្រាំពីរមករា ឃុំតំាងក្រសាំង និងភូមិសំពុង ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ឯកឧត្តម បានថ្លែងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំស្តីពីការដោះស្រាយផលប៉ះពាល់ដីជុំវិញគម្រោងវិនិយោគ ចំណតរថយន្ត និងស្តង់លក់ទំនិញ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។

ឯកឧត្តមបន្ថែមទៀតថា សព្វថ្ងៃនេះ នៅក្នុងស្រុកសន្ទុក មិនទាន់មានទីតំាងចំណតចតរថយន្តនៅឡើយទេ ហើយរថយន្តចតនៅតាមដងផ្លូវធ្វើឲ្យស្ទះចរាចរ មានគ្រោះថ្នាក់ចរាចរកើនឡើងជាញឹកញាប់ ហើយបងប្អូនអាជីវកម្មលក់ដូរមិនមានរបៀបរៀបរយ។ ដូច្នេះ សូមក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រូវខិតខំធ្វើការងារនេះ ឲ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព ដើម្បីសាងសង់ចំណតរថយន្ត និងស្តង់លក់ទំនិញ ជូនបងប្អូនអាជីវករ មានភាពងាយស្រួល កាត់បន្ថយការស្ទះចរាចរ និងក្នុងផ្សារមិនមានការកកស្ទះ ទាំងអ្នកលក់ និងអ្នកទិញផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលខេត្ត បានជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចបន្តយកចិត្តទុកដាក់ចំពោះសន្តិសុខសណ្តាប់ធ្នាប់ ទប់ស្កាត់គ្រឿងញៀន និងឧក្រិដ្ឋកម្មផ្សេងៗ កែលម្អភាពអសកម្ម ខិតខំកសាងអំពើល្អ ផ្តល់សេវាសាធារណៈឲ្យមានប្រសិទ្ធភាពល្អ (សេវាតម្រូវការចាំបាច់ និងសេវាសំណូមពរនានា) ជាពិសេសត្រូវរួមគ្នាដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា៕