អភិបាល ខេត្តកំពង់ធំ ក្រើនរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវមានវិធានការអប់រំ ដល់ប្រជាជន ក្នុងមូលដ្ឋាន ដើម្បីលើកកម្ពស់បង្ការ-ពន្លត់អគ្គិភ័យ


ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានក្រើនរំលឹកអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយ អប់រំ ដល់ប្រជាជន ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីលើកកម្ពស់ ការយល់ដឹង និងការចូលរួមចលនាបង្ការ-ពន្លត់អគ្គិភ័យ កើតឡើងជាយថាហេតុ។

ឯកឧត្តម បានថ្លែងយ៉ាងដូច្នេះ ក្នុងពិធីអបអរសាទរ ទិវាជាតិបង្ការពន្លត់អគ្គីភ័យលើកទី៤ ថ្ងៃ២២ ខែកុម្ភ: ឆ្នាំ២០១៩ ដែលប្រារព្ធធ្វើឡើងនៅបរិវេណស្តាតចាស់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៩នេះ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានអានរបាយការណ៍ភូមិសាស្ត្រទូទាំងខេត្ត និងសភាពការណ៍ សន្តិសុខ នយោបាយ ក្នុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩ ដោយមានបទល្មើសផ្សេងៗ មានសភាពថយចុះគួរអោយកត់សម្គាល់ ក្នុងនោះគ្រោះថ្នាក់អគ្គិភ័យមានការកើនឡើង បើប្រៀបធៀបក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៧ គឺមានចំនួន ៣៧លើក/៤៤លើក (កើនឡើង ៧លើក ស្មើ ១៨.៩១%) ដែលបណ្ដាលអោយឆេះផ្ទះចំនួន ៣៩ខ្នង, ឆេះតូប ០៧ខ្នង, ឆេះម៉ូតូ ០៤គ្រឿង, ឆេះប្រាក់រៀល ៦០.២៧០.០០០រៀល, ប្រាក់ដុល្លា ១៥.០០០ដុល្លា ព្រមទាំងសម្ភារៈមួយចំនួនទៀត។ ឯកឧត្តម បានបន្តទៀតថា មូលហេតុសំខាន់ៗដែលបណ្ដាលអោយកើតឡើងមានគ្រោះថ្នាក់អគ្គិភ័យដោយសារកត្តាភ្លើងចង្ក្រានចំនួន ២៥ %, កត្តាឆ្លងចរន្តអគ្គិសនីចំនួន ១៨.១៨% , កត្តាធ្វេសប្រហែសចំនួន ៦.៨១%, កត្តាមូលហេតុផ្សេងៗចំនួន ៥០.៦៤% នៅរយ:ពេល២ខែដើមឆ្នាំ២០១៩កន្លងទៅនេះ គ្រោះថ្នាក់អគ្គិភ័យទូទាំងខេត្តមានចំនួន ៧លើក បណ្តាលឲ្យឆេះផ្ទះចំនួន ៥ខ្នង ឆេះតូបចំនួន ២តូប ឆេះរឺម៉កម៉ូតូចំនួន ២គ្រឿង ភ្លើងធូប ០១ លើក, ឆ្លងចរន្តអគ្គិសនី ១លើក, កត្តាធ្វេសប្រហែស ៤លើក, កំពុងស្រាវជ្រាវចំនួន ១លើក។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានកោតសរសើរដល់អង្គភាពស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក្នុងកិច្ចប្រតិបត្តិការអន្តរាគមន៍ បង្ការ សង្រ្គោះពន្លត់អគ្គិភ័យ បានទាន់ពេលវេលា ជាពិសេសករណីអគ្គិភ័យកើតមានឡើងឆេះរោងនៅក្បែរផ្សារកំពង់ថ្ម និងសូមឲ្យមានការគោរពវិន័យ របស់កងកម្លាំងនគរបាលជាតិបន្តទៀត ដើម្បីថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រទេសជាតិ ប្រកបដោយប្រសិទិ្ឋភាពខ្ពស់។

ជាមួយគ្នានោះដែរ ឯកឧត្តមបានអំពាវនាវ ដល់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវយល់ថា ការបង្ការ-ពន្លត់អគ្គិភ័យ គឺជាករណីកិច្ចគ្រប់ក្រសួងស្ថាប័ន្ថ ផ្នែកឯកជន ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះការពន្លត់អគ្គិភ័យ និងមានការប្រុងប្រយ័ត្នគ្រប់ពេលវេលាចំពោះដើមចមដែលផ្ដើមអោយមានគ្រោះថ្នាក់អគ្គិភ័យ ដូចជា ភ្លើងចង្ក្រាន ភ្លើងធូប ប្រេងសាំង ចរន្តអគ្គិសនី រំសេវសារធាតុគីមីជាដើម។