ឯក ឧត្តមបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ រដ្ឋសភា នៃ ព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំ តបតាមការអញ្ជើញគឺនៅព្រឹកថ្ងៃច័ន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២, ថ្ងែទី១៨ ខែមីនា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តចំប៉ារាម ហៅវត្តរកាជួរ ឃុំក្លែង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
លោកអភិបាល នៃគណៈអភិបាលស្រុកសណ្តាន់ បានអញ្ជើញអានសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សាងសង់ បានឲ្យដឹងថាវត្តចំប៉ារាម ហៅវត្តរកាជួរមកដល់ពេលបច្ចុប្បន្នមានអាយុកាល ១១២ឆ្នាំ ហើយ ។ ព្រះសង្ឃ មន្ត្រីរាជការ និងប្រជាជន មានកិត្តិយស និងសេចក្តីរីករាយ ដោយបាន ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អញ្ជើញជាអធិបតីចំនួន២លើកនៃពិធីសាសនាក្នុងវត្តចំប៉ារាម ហៅវត្តរកាជួរនេះ ចំពោះឧបដ្ឋានសាលា និងសមិទ្ធផលនានា ដែលកំពុងធ្វើពិធីសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ បានចំណាយថវិកាសាងសង់ចំនូន ៨៣៨,៧០០,០០០ រៀល ស្មើនឹង ២០៩.៦៧៥ $ ដុល្លារសហរដ្ឋអាមេរិក ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍សំណេះសំណាលចំពោះព្រះសង្ឃ មន្ត្រីរាជការ និងប្រជាជន ដោយបញ្ជាក់ថាថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដែលបានមកចូលរួមជាមួយព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោកឧកញ្ញា លោកយាយលោកតា ប្រជាពលរដ្ឋ ចំណុះជើងវត្តក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា វត្តចំប៉ារាម ហៅវត្តរកាជួរ នៅពេលនេះ និងខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះការរីកចំរើនជាបន្តបន្ទាប់របស់វត្តចំប៉ារាម ដូចនៅក្នុងរបាយការណ៍ដែលលោកអភិបាលស្រុកបានរំលេចឡើងអម្បាញ់មិញនេះ ។
ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ជំរាបជួនអំពីប្រវត្តិនៃការកកើតព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា និងការផ្ទេររវាងព្រហ្មញសាសនា មកព្រះពុទ្ធសាសនាក្នុងសតវត្សទី១២ សម័យមហានគរដ៏រុងរឿងរបស់ព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងឥន្ទ្រទេវី ដូចមានចំលាក់ក្នុងប្រាសាទបាយ័នជាសក្ខីភាព ។
ឯកឧត្តមបណ្ឌិត ក៏បានអញ្ជើញមានប្រសាសន៍បកស្រាយយ៉ាងល្អិតល្អន់អំពីការវិវត្តស្ថានភាពនយោបាយនៅព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីដំណើរទាមទារឯករាជ្យពីនឹមអាណានិគមន៍និយមបារាំងដឹកនាំដោយ សម្តេចព្រះនរោត្តមសីហនុ ការធ្វើរដ្ឋប្រហារទំលាក់ សម្តេចព្រះនរោត្តមសីហនុ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧០ ដែលនាំឲ្យមានរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ប៉ុលពត និងការតស៊ូរំដោះប្រទេសជាតិ និងប្រជាជន របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។ ឯកឧត្តមបណ្ឌិត ក៏បានមានប្រសាសន៍លើកឡើងអំពីល្បឿនយ៉ាងលឿននៃការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យក្នុងនោះក៏មានវិស័យព្រះពុទ្ធសាសនាផងដែរ និងអំពីតំលៃនៃសន្តិភាព ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានសន្យារក្សាឲ្យបាននូវសន្តិភាពទោះក្នុងតំលៃណាក៏ដោយ និងការអនុវត្តនូវអភិក្រមទាំង៥ ក្នុងការដឹកនាំរបស់ សម្តេចតេជោ ផងដែរ ។
ពិធីបានបញ្ចប់ បន្ទាប់ពី ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អញ្ជើញបំពាក់គ្រឿងឥស្សរិយយស មេដៃស្ថានាជាតិ ប្រគេន និងជូនព្រះសង្ឃ មន្ត្រីរាជការ សប្បុរសជន និងប្រគេន ចែកជូន ថវិកា សំភារៈ ពិធីការខ្សែបូរសម្ពោធសមិទ្ធផលរួចមក ៕