នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីក្រុងពាលីបួងសួង សុំសេចក្ដីសុខ សម្រាប់ការរៀបចំព្រឹត្តិការណ៍ «សង្ក្រានថ្មីសំបូរព្រៃគុក» ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត សហភាពសហព័ន្ធយុវជនខេត្ត មន្ត្រីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋ ជាច្រើននាក់ ដើម្បីបួងសួងសុំសេចក្ដីសុខ សម្រាប់ការរៀបចំព្រឹត្តិការណ៍ «សង្ក្រានថ្មីសំបូរព្រៃគុក» នៅថ្ងៃទី ១៤-១៥-១៦ ខែមេសា ខាងមុខនេះ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទសំបូរព្រៃគុក នៃបរិវេណប្រាសាទយាយព័ន្ធ ស្ថិតនៅភូមិអូរគ្រូកែ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម សុខ លូ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រួមទាំងភ្ញៀវទេចរណ៍ជាតិ អន្តរជាតិ ដែលបានមកចូលរួមទស្សនានៅក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទសំបូរព្រៃគុក និងនៅតាមរមណីយដ្ឋានផ្សេងៗទៀត សូមមេត្តារក្សានូវបរិស្ថាន ជាពិសេសកាកសំណល់ ក្រោយពេលបរិភោគរួចហើយ ត្រូវទុកដាក់ឲ្យបានល្អនៅក្នុងធុងសំរាម។ ក្នុងនោះ ឯកឧត្តមក៏បានសំណូមពរដល់បងប្អូនដែលជាអ្នកលក់ដូរនៅក្នុងតំបន់រមណីយដ្ឋាននេះ មិនត្រូវតម្លើងថ្លៃទៅលើសេវាកម្មរបស់ខ្លួនឡើយ ធ្វើយ៉ាងណាលក់ដូរឲ្យមានតម្លៃសមរម្យ អាចទទួលយកបាន ដើម្បីឲ្យភ្ញៀវទេសចរណ៍មកទស្សនាម្តងហើយ ចង់ទស្សនាម្តងទៀត។ ជាមួយគ្នានោះ ឯកត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវចៀសឆ្ងាយពីគ្រឿងញៀន និងបើកបរដោយប្រុងប្រយ័ត្ន ដោយគោរពសិទ្ធិគ្នាទៅវិញទៅមក ចៀសវាងការគ្រោះថ្នាក់កើតឡើងដោយប្រការណាមួយ។
សូមបញ្ជាក់ថា៖ ព្រឹត្តិការណ៍សង្ក្រានថ្មីសំបូរព្រៃគុកនេះ ប្រារព្ធឡើងជាលើកទី ៥ហើយ (២០១៥-២០១៩) ក្នុងគោលបំណងផ្ដល់ឱកាសឲ្យយុវជន, ភ្ញៀវជាតិ-អន្តរជាតិ, និងសាធារណជនខ្មែរទូទៅ ជាពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ បានចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ ក្រោមស្មារតីសុខដុម សប្បាយរីយរាយ សុភមង្គល និងដើម្បីផ្ដល់ឱកាសឲ្យយុវជនខ្មែរជំនាន់ក្រោយបានស្វែងយល់នូវភាពរុងរឿង នៃព្រះរាជាណាចក្រកម្ពុជា តាំងពីសម័យមហានគរ ម្យ៉ាងវិញទៀត ដើម្បីលើកតម្កើងនូវអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ ជំនឿ សាសនា និងប្រពៃណីដ៏ផូរផង់ រួមនិងសម្បត្តិបេតិកភណ្ឌពិភពលោក ទាំងរូបីយ និងអរូបីយរបស់ខ្លួន ឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្វែងយល់ និងបន្តពង្រីកនូវកិត្យានុភាពនេះ នៅលើឆាកអន្តរជាតិទៀតផង៕