គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ រៀបចំពិធីអបអរខួបលើកទី៦៨ ថ្ងៃបង្កើតគណបក្ស ដែលមានអ្នកចូលរួមប្រមាណជិត ៤ពាន់នាក់


 

ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានថ្លែងថា គណបក្សប្រជាជន ជារបស់ប្រជាជន ដោយសារប្រជាជន និងធ្វើអ្វីទាំងអស់ ដើម្បីប្រជាជន។

ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៦.០៦.១៩៥១ – ២៨.០៦.២០១៩) នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ បរិវេណភោជនីយដ្ឋានរស្មីច័ន្ទពេញវង់ ស្ថិតនៅក្នុងស្ទឹងសែន ខេត្តកំពង់ធំ ដែលមានអ្នកចូលរួមប្រមាណជិត ៤ពាន់នាក់។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បានលើកឡើងពីប្រវតិ្តសាស្រ្តរស់គណបក្សប្រជាជនកម្ពុជា ដែលបានជួយរំដោះប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុលពត ដែលប្រទេសជាតិធ្លាក់នៅក្នុងសង្គ្រាមរាំរ៉ៃ ត្រូវបានបំផ្លេចបំផ្លាញ ក្លាយជាគំនរផេះផង់។ ឯកឧត្តម បានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសអស់រយៈពេល៤០ឆ្នាំកន្លងមកនេះ ផ្តើមពីជ័យជម្នះ ៧មករា ប្រទេសកម្ពុជា បានប្រែក្លាយពីវាលពិឃាត នៃរបបប្រល័យពូជសាសន៍ ទៅជាទឹកដីសន្តិភាព ឯកភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលពុំអាចនឹកស្មានដល់ ដែលបានបង្កើតសមិទ្ធផលថ្មីៗ ជាច្រើន ជូនជាតិមាតុភូមិ និងប្រជាជន។

លើសពីនេះ ឯកឧត្តម បានលើកឡើងអំពីបរិបទនយោបាយថ្មីៗនេះ ដែលមានការប៉ុនប៉ងបង្កចលាចល និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយមានកម្លាំងខាងក្រៅនៅពីក្រោយផែនការយ៉ាងណាកី្ត គណបក្សប្រជាជនកម្ពុជាបានបង្ហាញនូវភាពចាស់ទុំផ្នែកនយោបាយ និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការរក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជូនប្រទេសជាតិ។

ទន្ទឹមនឹងនោះ ឯកឧត្តម សុខ លូ បានអំពាវនាវដល់គណៈកម្មាធិការគណបក្សគ្រប់លំដាប់ថ្នាក់ មន្ត្រី និងសមាជិក សមាជិកាគ្រប់រូប ខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង បន្តចូលរួមសកម្មភាពកសាងគណបក្សឲ្យកាន់តែរឹងមាំលើគ្រប់វិស័យ សំដៅលើកកម្ពស់សមត្ថភាពដឹកនាំរបស់គណបក្សឲ្យសម្រេចបានសមិទ្ធផលធំៗថ្មីៗទៀត៕