កាលពីព្រឹកថ្ងៃទី២ ខែមេសាឆ្នាំ២០២២នេះ ក្នុងឱកាសនៃការធ្វើដំណើរតាមរថយន្តពីក្រុងតាខ្មៅ ខេត្តកណ្តាល ឆ្ពោះទៅកាន់ខេត្តសៀមរាប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនា និងបូជាទានធូបនៅរង្វង់មូលលោកតាក្រហមក ស្ថិតនៅផ្លូវបំបែកចូលទៅកាន់ទីរួមខេត្តកំពង់ធំ។
ក្នុងវត្តមានដ៏កម្រនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលទទួលបាននូវការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់ពី ឯកឧត្តម ងួន រតនៈ អភិបាល នៃគណះអភិបាលខេត្តកំពង់ធំ បានសំដែងនូវការវាយតម្លៃ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ធំ ទាំងអស់ រួមសាមគ្គីគ្នាជាធ្លុងមួយក្នុងការអនុវត្តនូវកម្មវិធី និងគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ពិសេសការអភិវឌ្ឍសមិទ្ធផលសង្គមគ្រប់ច្រកល្ហកទាំងអស់ ក្នុងខេត្តកំពង់ធំ មានការរីកចំរើនគួរឲ្យកត់សំគាល់ ពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសការកសាងឡើងនូវមហាសមិទ្ធផលជាប្រវត្តិ សាស្រ្តនានា ដែលទាក់ទិនទៅនិងសាវតានៃទឹកដីខេត្តកំពង់ធំ។
សូមបញ្ជាក់ផងដែរថា ពីមួយអណត្តិទៅមួយអណត្តិខេត្តកំពង់ធំ បានខិតខំកសាងនូវមហាសមិទ្ធផលជាប្រវត្តិសាស្រ្ត ដែលទាក់ទិនទៅនិងអត្តសញ្ញាណជាតិ និងសាវតានានារបស់ខេត្តកំពង់ធំ ដូចជាការកសាងឡើងនូវរូបសំណាក់ដាក់តាំងបង្ហាញ នៅតាមរង្វង់មូលច្រកចេញចូលខេត្តកំពង់ធំ ដូចជារូបសំណាកព្រះខ័ន្តកំពង់ស្វាយ និងរូបសំណាក់ប្រវត្តិ សាស្រ្តមួយចំនួនទៀត ដើម្បីដាក់តាំងបង្ហាញឲ្យកូនខ្មែរជំនាន់ក្រោម ក៏ដូចជាភ្ញៀវទេសចរណ៍អន្តរជាតិ ដែលមកកំសាន្តនៅព្រះរាជាណាចក្រកម្ពុជា បានស្គាល់ពីប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា ពិសេសប្រវត្តិសាស្រ្តនៃទឹកដីខេត្តកំពង់ធំ។
បន្ទាប់ពីបានចំណាយពេលទស្សនាសំណង់សមិទ្ធផល រូបសំណាកលោកតាក្រហមក និងបូជាទៀនធូបសុំសេចក្តីសុខដល់ការធ្វើដំណើរ និងសេចក្តីសុខសន្តិភាពសម្រាប់ ព្រះរាជាណាចក្រកម្ពុជា រួចមក សម្តេចតេជោនាយករដ្ឋមន្រ្តីបានអញ្ជើញបន្តដំណើរឆ្ពោះទៅកាន់ខេត្តសៀមរាប ទីដែលសម្តេចនិងអញ្ជើញចូលរួមក្នុងពិធីត្រួតពិនិត្យដំណើរការសាងសងព្រលានយន្តហោះថ្មី សៀមរាប អង្គរ ក្នុងស្រុកជីក្រែង និងស្រុកសូត្រនិគម ថ្ងៃទី៣មេសា និងអញ្ជើញចូលរួមពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងខេត្តសៀមរាប នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២៕