ដើម្បីឲ្យប្រជាពលរដ្ឋអាចអាស្រ័យផលតាមតម្រូវការចាំបាច់ ដោយមិនមានការគំរាមកំហែង ឬខុសច្បាប់ដូចមុនទៀតនោះ ពេលនេះប្រមុខរដ្ឋាភិបាល បានអនុញ្ញាតកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋចំនួន៣៩០គ្រួសារ មានផ្ទៃដី២,៦៣០ហិតា បានប្រើប្រាស់អាស្រ័យផលដោយស្របច្បាប់ នៅមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក និងស្រុកស្ទោង ខេត្តកំពង់ធំ។
ជាក់ស្ដែង លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតំបន់វិនិច្ឆ័យជូនប្រជាពលរដ្ឋ ចំនួន៣៩០គ្រួសារ ក្នុងភូមិកំពឺតឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក និងឃុំប្រឡាយ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២នេះ។
លោក ងួន រតនៈ បានបញ្ជាក់ថា ជាលទ្ធផលក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល មានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ខិតខំដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋថ្ងៃនេះ ប្រជាពលរដ្ឋក្នុងឃុំសាមគ្គី និងប្រជាពលរដ្ឋឃុំប្រឡាយ ឃុំទ្រាស្រុកស្ទោង ទទួលបានការឆ្លើយតបពីថ្នាក់ដឹកនាំ និងបានធ្វើពិធីប្រកាសតំបន់វិនិច្ឆ័យនាពេលនេះចំនួន៣៩០គ្រួសារ។
អភិបាលខេត្តក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ កុំទន្ទ្រានដីទៅក្នុងតំបន់សត្វខ្សឹបបន្តទៀតទេ សូមចូលរួមថែរក្សាព្រៃសហគមន៍ឲ្យបានគង់វង្ស។ លើសពីនេះទៅទៀត សូមអញ្ជើញចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវិត-១៩ ឲ្យបានគ្រប់ៗគ្នា និងបន្ដអនុវត្តវិធានការ ៣ការពារ និង៣កុំ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក បានឡើងធ្វើរបាយការណ៍ពីបញ្ហាប្រឈមគឺ ដីអភិរក្សសត្វខ្សឹប និងសហគមន៍ព្រៃឈើ បានគ្របដណ្តប់ទៅលើ ភូមិកំពឺត វត្តតាគាំសួស្តីសិរីគន្ធា (ហៅវត្តកំពឺត) ព្រៃបច្ឆា (ព្រៃកបខ្មោច) ព្រៃអ្នកតា និងគ្របដណ្តប់លើដីស្រែប្រជាពលរដ្ឋភូមិកំពឺតទាំងស្រុង និងភូមិផ្សេងៗទៀត ក្នុងឃុំសាមគ្គី ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាកទាំងការប្រើប្រាស់អាស្រ័យផលលើដីកសិកម្ម និងដីលំនៅដ្ឋាន។
ប្រជាពលរដ្ឋមានការភ័យខ្លាចពីមន្ត្រីជំនាញពាក់ព័ន្ធ ដូចជាការគំរាម ការចាប់ត្រាក់ទ័រភ្ជួររាស់ដីដាំដំណាំ ឧបករណ៍សម្រាប់កសិកម្ម ពិន័យជាប្រាក់ និងដកហូតឧបករណ៍ ប្រើប្រាស់របស់ប្រជាកសិករជាដើម។
ជាមួយគ្នានេះប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់ថ្នាក់ដឹកនាំដែលតែងតែយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈម ជូនប្រជាពលរដ្ឋ ហើយពួកគាត់សន្យាថា នឹងបន្តគាំទ្រគោលនយោបាយ និងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជារៀងរហូត៕