សមាជិកសមាជិកាចំនួន៥០៦នាក់ នៅឃុំនីពេជ បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និង ជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចូលសមាជិកថ្មីបន្ថែមចំនួន ៥០៦នាក់ ស្រី២៥៣នាក់ មកពីអតីតៈសង្គ្រោះជាតិចំនួន១៥៤នាក់ស្រី៦៧នាក់ មកពីហ៊្វុនស៊ិនប៉ិច ចំនួន៥៨នាក់ ស្រី៣៥នាក់ សញ្ជាតិកម្ពុជា៣នាក់ ស្រី១នាក់ សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ២នាក់ស្រី ១នាក់ និងកសាងថ្មីមានចំនួន២៨៧នាក់ស្រី១៤៩នាក់ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំនីពេជ បានសំណេះសំណាលជាមួយសមាជិក សមាជិកា ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាមួយក្តីរំពឹងបានរួមចំណែកកសាងសង្គមកម្ពុជា ឲ្យកាន់តែប្រសើរក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
ជាកិច្ចស្វាគមន៍ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ ជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានថ្លែងអំណរគុណចំពោះ ការអញ្ជើញចូលរួមរបស់សមាជិក សមាជិកា ដែលវិលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានាឱកាសនេះ។ លោកជំទាវបានបន្តទៀតថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមួយដែលមានវ័យចំណាស់ខាង នយោបាយ និងមានបទពិសោធន៍ជាង៧០ឆ្នាំមកហើយ គឺមានគោលនយោបាយច្បាស់លាស់ ដឹកនាំប្រទេសឈានទៅរកភាពរីកចម្រើនលើគ្រប់វិស័យ។
លោកជំទាវបានបញ្ជាក់ទៀតថា ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនខេត្ត សូមអំពាវនាវដល់សមាជិក សមាជិកាថ្មី ខិតខំអំពាវនាវដល់ប្រជាពលរដ្ឋ ដទៃទៀត ដែលមិនទាន់បានដឹង មិនទាន់បានយល់ ចូលមករួមរស់នឹងកសាងប្រទេសជាតិទាំងអស់គ្នា ពិសេសនៅក្នុងមូលដ្ឋាន។ នាឱកាសនៅពេលខាងមុខនេះ យើងមានរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ សូមឲ្យសមាជិកថ្មីទាំងអស់ ទៅចូលរួមបោះឆ្នោតគាំទ្រ គណបក្សប្រជាជនឲ្យបានទាំងអស់គ្នា ដើម្បីក្រុមប្រឹក្សាឃុំសង្កាត់ ដែលតំណាងគណបក្សប្រជាជនកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ក្នុងការដឹកនាំនិងអភិវឌ្ឍន៍មូលដ្ឋាន។
លោកជំទាវបានចូលរួមផ្សព្វផ្សាយបន្ថែម ត្រឹមត្រូវបំផុតដែលបងប្អូនសមាជិកសមាជិកាបានចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នាពេលនេះ ពីព្រោះថាមិនមានគណបក្សនយោបាយណាមួយដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំប្រទេសជាតិ ដូចគណបក្សប្រជាជនកម្ពុជាឡើយ។ ពោលគឺពួកគេធ្វើនយោបាយដើម្បីផលប្រយោជន៍បក្ខពួកក្រុមគ្រួសារនិងបម្រើបរទេសតែប៉ុណ្ណោះ ដោយមិនបានគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋឡើយ។ផ្ទុយទៅវិញថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគឺតែងតែនៅរួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់ពេលវេលាដោយបានដោះស្រាយទុក្ខលំបាកផ្សេងៗជូនបងប្អូនជានិច្ច។