ឯកឧត្តម បណ្ឌិត ស៊ុំ សន្និសិទ្ធ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកសន្ទុក ខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនពេញសិទ្ធិ និងបម្រុង សម្រាប់ការឈរឈ្មោះបោះឆោតតាមបណ្ដាឃុំទាំង១០ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ


កាលពីព្រឹកថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្តម បណ្ឌិត ស៊ុំ សន្និសិទ្ធ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកសន្ទុក ខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនពេញសិទ្ធិ និងបម្រុង សម្រាប់ការឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជាតាមបណ្ដាឃុំទាំង១០ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំសរុបចំនួន ១៨៣រូប។

ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តមប្រធាន បានធ្វើការកោតសរសើរចំពោះការលះបង់ និងការខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំរបស់សមាជិកក្រុមការងារទាំងអស់ និងបានណែនាំអំពីសមិទ្ធផលរបស់គណបក្ស ឯកសារបច្ចេកទេសរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត ការដោះស្រាយសំណូមពរផ្សេងៗ និងការពិសារអាហារសាមគ្គី។ ទន្ទឹមនេះ​ ឯកឧត្តមប្រធានបានណែនាំឱ្យចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលានូវកម្មវិធីនយោបាយ និងសមិទ្ធផលរបស់គណបក្សដែលសម្រេចបានក្នុងរយៈពេល៤៣ឆ្នាំកន្លងមក ជូនដល់សមាជិកក្នុងក្រុម ព្រមទាំងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាស្របតាមពាក្យស្លោកអរគុណសន្តិភាព សមាជិកបក្សម្នាក់ សម្លេងគាំទ្រគណបក្សមួយសន្លឹក។ បន្ថែមពីនេះ ត្រូវចូលរួមថែរក្សា ការពារនូវសុខសន្តិភាព ជាពិសេស ការពារឱ្យបាននូវមរតកតេជោ ដូចដែលសម្តេចតេជោមានប្រសាសន៍ដាច់ខាតថាត្រូវតែការពារឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ មានសន្តិភាពហើយត្រូវប្រឹងរក្សា កុំរង់ចាំពេលបាត់សន្តិភាព ទើបប្រឹងស្រែករក។​ ឯកឧត្តមប្រធានបានបន្តទៀតថា ការចូលរួមសកម្មភាពរបស់សមាជិក-សមាជិកានៅក្នុងថ្ងៃនេះ គឺបានបង្ហាញអំពីការគាំទ្រ សាមគ្គីភាព ការលះបង់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា។

ជាចុងក្រោយ ឯកឧត្តមប្រធានបានធ្វើការផ្តាំផ្ញើទៅដល់បេក្ខជនពេញសិទ្ធិ និងបម្រុង ទាំង១៨៣រូប ក៏ដូចជាសមាជិក-សមាជិកាទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ និងក្តាប់ឱ្យជាប់នូវព័ត៌មានសមាជិកនៅក្នុងភូមិរបស់ខ្លួន ហើយត្រូវណែនាំឱ្យសមាជិក-សមាជិកាបក្សតាមមូលដ្ឋាននីមួយៗ ត្រៀមលក្ខណៈសម្បត្តិក្នុងការទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី០៥ ខែមិថុនា ខាងមុខនេះ ជាពិសេសត្រូវត្រៀមឯកសារបម្រើដល់ការបោះឆ្នោត ការណែនាំអំពីនីតិវិធីសំខាន់ៗដើម្បីផ្សព្វផ្សាយ និងរៀបចំទប់ស្កាត់នូវភាពចលាចល សកម្មភាពរំខាន ដើម្បីត្រៀមលក្ខណៈដល់ការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន។ ឯកឧត្តមប្រធានបានបន្ថែមទៀតថា សាមគ្គីភាពបានធ្វើឱ្យគណបក្សប្រជាជនកម្ពុជាមានភាពរឹងមាំ និងទទួលបានជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ ដែលមិនមានគណបក្សណាមួយមានសាមគ្គីភាពខ្លាំងដូចគណបក្សប្រជាជនកម្ពុជាយើងឡើយ៕