គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្ដិទី ៥
នៅព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្ដិទី ៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ អមដំណើរដោយ ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងស្ទឹងសែន ដែលមានសមាជិកសមាជិកាចូលរួមប្រមាណជាង ១ ៥០០នាក់។
ឯកឧត្តមបណ្ឌិត ជា ចាន់តូ មានប្រសាសន៍លើកឡើងថា យោងតាមប្រតិទិន នៃកម្មវិធីឃោសនាបោះឆ្នោត នៅថ្ងៃទី២១ ខែឧសភានេះ ជាថ្ងៃដំបូង បើកយុទ្ធនាការឃោសនាបោះឆ្នោត ដែលគ្រប់គណបក្សនយោបាយទាំងអស់ក្នុងខេត្តកំពង់ធំ បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនតាមកម្មវិធីដោយមានការជួបប្រជុំ ដង្ហែក្បួន ដើម្បីផ្សព្វផ្សាយគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការអភិវឌ្ឍឃុំ សង្កាត់ ដល់អ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។