(ខេត្តកំពង់ធំ): ឯកឧត្តម ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា ដោយយោងលើខ្លឹមសារលិខិតលេខ ២២៤ សជណ.ដប ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សិទ្ធិបន្ថែមជូនបងប្អូនប្រជាពលរដ្ឋដែលបានកំពុងរស់នៅ និងអាស្រ័យផលជាក់ស្តែងនៅក្នុងដីតំបន់២ កាត់ឆ្វៀលមកតំបន់១ នៅលើក្រុងស្រុកចំនួន ៥ ក្នុងចំណោម ៩ក្រុងស្រុក ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នៅឃុំកំពង់គោ និងឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ឯកឧត្តមបន្ថែមទៀតថា ពេលទទួលបានលិខិតនេះ រដ្ឋបាលខេត្ត រួមជាមួយរដ្ឋបាលស្រុក មន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បានចុះពិនិត្យស្រាវជ្រាវប្រមូលទិន្នន័យ និងគោរពស្នើសុំការកែសម្រួលផ្ទៃដីសរុបចំនួន ៩៥.៥២១ហិកតា ដើម្បី ស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល កាត់ឆ្វៀលចេញពីតំបន់ ២ មកតំបន់ ១ ជូនប្រជាពលរដ្ឋដែលកំពុងអាស្រ័យផលជាក់ស្តែង ប្រមាណ ២៤៨៦គ្រួសារ នៅក្នុងឃុំកំពង់គោ និងឃុំក្ដីដូង នៃស្រុកកំពង់ស្វាយ ដែលបន្ថែមសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋ អាចធ្វើប្លង់កម្មសិទ្ធិ មានសិទ្ធិចាត់ចែង ដាក់បញ្ចាំ ឬផ្ទេរមរតកបាន។
ឯកឧត្តមមានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងប្រកាសសុពលភាពវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លើដីដែលបានកាត់ឆ្វៀលពីតំបន់ ២ មកតំបន់ ១ នៅក្នុងឃុំកំពង់គោ និងឃុំក្ដីដូង ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២២។
ជាមួយគ្នា នោះ ដែរ ប្រជាពលរដ្ឋនៅក្នុងឃុំកំពង់គោ និនិងឃុំក្ដីដូង សប្បាយចិត្ត រីករាយ ដែល សម្តេចតេជោ ហ៊ុន សែន បាន យកចិត្ត ទុក្ខ ដាក់ ពី ផល លំបាក របស់ ពួកគាត់ ក្នុងការកាត់ឆ្វៀលដីពីតំបន់២ មកតំបន់១ នៅពេលនេះ ព្រមទាំង គោរព ជូនពរ សម្តេចតេជោ មាន សុខភាព ល្អ បន្ត ដឹកនាំ ប្រទេសជាតិ មានការ រីក ចម្រើន សម្បូរសប្បាយ ក្រោមម្លប់ សន្តិភាព បន្ត ទៀត ។
ជាចុងក្រោយ ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា មានគោលនយោបាយច្បាស់លាស់ ក្នុងការបែងចែកដីសម្បទានសង្គមកិច្ច នឹងផ្ទះ ជូនដល់អតីតយុទ្ធជន និងបងប្អូនប្រជាពលរដ្ឋដែលខ្វះខាតដីលំនៅដ្ឋាន និងដីអាស្រ័យផល ជាពិសេសគិតគូរពីសុខុមាលភាពជូនដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយបានខិតខំស្វែងរកវ៉ាក់សាំង ដើម្បីចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង និងបានទាន់ពេលវេលា ចាប់ពីកុមារអាយុ ៣ឆ្នាំ រហូតដល់ចាស់ជរា និងជួយគាំទ្រសេដ្ឋកិច្ចគ្រួសារ ជូនដល់ប្រជាពលរដ្ឋ ក្រ១ ក្រ ២ ដោយផ្ដល់ជាកញ្ចប់ថវិកាជារៀងរាល់ខែ ព្រមទាំងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុ និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ ជ្រើសរើសថ្នាក់ដឹកនាំមួយណាដែលយើងស្រលាញ់ពេញចិត្ត ក្នុងការដឹកនាំឃុំសង្កាត់ អោយមានការរីកចម្រើន និងរក្សាបាននូវសន្តិសុខបានល្អ ។