ប្រធានកិត្តិយសថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំឈូក អញ្ជើញចុះជួប សមាជិក សមាជិកា ឃុំឈូក ស្រុកប្រាសាទសំបូរ
ឯកឧត្តមបណ្ឌិត ប៉ែន សូត្រ ទីប្រឹក្សាអគ្គលេខាធិកមាន ព្រឹទ្ធសភា និងជាប្រធានកិត្តិយសថ្នាក់កណ្តាលចុះជួយឃុំឈូក លោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ធំ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំឈូក និងសហការី បានចុះបង្រៀនអំពីការគូសសន្លឹកឆ្នោតដល់បងប្អូនប្រជាពលរដ្ឋ នៅភូមិប្រាសាទ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ។
លោកជំទាវ ង៉ែត ណារីន បានលើកឡើងពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ដោយសុខសន្តិភាព និងស្ថេរភាពនយោបាយ ជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ធ្វើការ អភិវឌ្ឍប្រទេសជាតិរបស់រាជរដ្ឋាភិបាល ផ្តោតការយកចិត្តទុកដាក់លើកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងសុខមាលភាពរបស់ប្រជាជន ។ គណបក្សប្រជាជនកម្ពុជាបានលះបង់ ប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីប្រជាពលរដ្ឋកម្ពុជា និងបានកសាងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនទ្វេឡើងបន្ទាប់ពីបានរំដោះប្រជាពលរដ្ឋពីការកាប់សំលាប់របស់របបខ្មែរក្រហម ព្រមទាំងបានប្លាស់ប្ដូពីប្រទេសដែលក្រីក្រ មកជាប្រទេសដែលមានការអភិវឌ្ឍន៍រីកចម្រើន និងប្រកាន់យករបបប្រជាធិបតេយ្យប្រទេសជាតិមានសុខ សន្តិភាព ពេញលេញ។
ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តមបណ្ឌិត ប៉ែន សូត្របានមានប្រសាសន៍ថា ក្នុងពេលប្រទេសកម្ពុជាត្រូវរងគ្រោះដោយការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ ប្រជាជននៅគ្រប់មូលដ្ឋានបានទទួលការចាក់វ៉ាក់សាំងការពារដោយឥតគិតថ្លៃដោយបានទទួលការជួយគាំពារនិងឧបត្ថម្ភពីរាជរដ្ឋាភិបាលទាន់ពេលវេលាដែលបានការពារអាយុជីវិតប្រជាជន និងធ្វើឱ្យជីវភាពប្រជាជនមានលំនឹង ។ការប្រកបមុខរបរបានជាធម្មតា ទាំងនេះគឺបានមកពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមកបានបន្តទៀតថា គណបក្សជាជនកម្ពុជានិងអនុវត្តគោលនយោបាយរបស់ខ្លួនឱ្យបានជោគជ័យដើម្បីរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមឱ្យបានរឹងមាំ។ លើកកម្ពស់ការផ្តល់សេវាសាធារណៈ បង្កើនកិច្ចគាំពារសង្គមជួយជនក្រីក្រ និងងាយរងគ្រោះ និងអភិវឌ្ឍឃុំ សង្កាត់លើគ្រប់វិស័យឱ្យកាន់តែរីកចម្រើនឡើង ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នា និងផលប្រយោជន៍របស់ប្រជាជនគ្រប់ៗរូបនៅគ្រប់មូលដ្ឋាន។
ជាចុងក្រោយឯកឧត្តមក៏បានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ទៅចូលរួមបោះឆ្នោតអោយបានគ្រប់គ្នានៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុននេះ ព្រមទាំងបានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានទៅចូលរួមបោះឆ្នោតត្រូវពិនិត្យឱ្យបានច្បាស់លាស់ក្នុងការគូសសន្លឹកឆ្នោត ជាពិសេសលើឡូហ្គោរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញាទេវតាបាចផ្កាជាសញ្ញាសម្គាល់ ហើយសម្រាប់លេខរៀងរបស់គណបក្សប្រជាជនកម្ពុជានៅឃុំឈូក គឺមានលំដាប់លេខរៀងទី៣ ។