ឯកឧត្តម ងួន រតន: អភិបាលខេត្តកំពង់ធំ អមដំណើរដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានអញ្ជើញចុះពិនិត្យមើលការខូចខាតដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ប្រមាណជិត ៣០០០ហិចតា នៅឃុំត្បែង និងឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២២ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ថ្លែងថា ទឹកជំនន់លិចលង់ស្រូវរបស់ប្រជាកសិករនាពេលនេះ តាមការពិនិត្យជាក់ស្តែង ក្នុងចំណោមស្រូវជាង៣០០០ហិចតានេះ មានលាយឡំគ្នាជាមួយស្រង៉ែ និងស្មៅជាដើម។ ទន្ទឹមនឹងនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញអោយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវស្រង់បច្ចុប្បន្នភាពបានត្រឹមត្រូវ និងច្បាស់លាស់ ចំពោះប្រជាកសិករដែលអាចមានលទ្ធិភាព បន្តធ្វើស្រូវប្រាំងក្នុងខែវិច្ឆិកា និងខែធ្នូ ខាងមុខនេះ ដោយស្រង់យកឈ្មោះពួកគាត់ដើម្បីរៀបចំពាក្យ ក្នុងការស្នើសុំស្រូវពូជពីរាជរដ្ឋាភិបាល ចែកជូនស្រូវពូជអោយគាត់តាមលទ្ធិភាពជាក់ ស្តែង ។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា ក្រោយពីបានពិនិត្យជាក់ស្តែង គឺសង្កេតឃើញថា ទឹកជំនន់ទាំងនេះគឺមិនអាចមានសភាពស្រកទេ គឺមានតែឡើងរហូត ព្រោះវាជារដូវវស្សា ហើយ ។
ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានបញ្ជាក់ថា ឆ្នាំនេះមូលហេតុដែលប្រជាកសិករយើងបន្ថយការផលិតស្រូវ គឺមានមូលហេតុ ដូច្នេះថា កត្តាតម្លៃប្រេង តម្លៃជីកសិកម្ម តម្លៃភ្ជួររាស់ តម្លៃដឹកជញ្ជូន កត្តាឡើងថ្លៃនេះហើយបានធ្វើអោយប្រជាកសិករយើងបន្ថយការផលិតស្រូវ ព្រោះតែតម្លៃដើមថ្លៃ គ្មានទទួលការចំណេញ ដូច្នេះពួកគាត់បន្ថយការផលិតតែម្តង ថយចុះរហូតដល់៧ម៉ឺនហិតា បើប្រៀបធៀបឆ្នាំមុនៗ ក្នុងខេត្តកំពង់ធំ ។
ក្នុងនោះដែរឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានអោយអាជ្ញាធរ កម្លាំងប្រដាប់អាវុធ ក្នុងខេត្តទាំងអស់សូមត្រៀមខ្លួនអោយជាស្រាច ប្រសិនស្រូវរបស់ប្រជាកសិកររូបណាម្នាក់មិនអាចយកម៉ាស៊ីនច្រូតកាត់មិនបានទេ គឺសូមត្រៀមខ្លួនចុះច្រូតកាត់ ជូនពួកគាត់អោយទាន់ពេលវេលា ៕