វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កូនក្មេងចំនួន ២៨៣,០០០ដូស ជំនួយរបស់អូស្ត្រាលីបានដឹកមកដល់កម្ពុជាហើយ


វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កូនក្មេងចំនួន ២៨៣,០០០ដូស
ជំនួយរបស់អូស្ត្រាលីបានដឹកមកដល់កម្ពុជាហើយ

នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ២៨៣,០០០ដូសបន្ថែមទៀត ដែលជាជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលី បានដឹកមកដល់កម្ពុជាហើយ។ វ៉ាក់សាំងដែលជាជំនួយរបស់អូស្ត្រាលីនេះ ប្រភេទ Pfizer សម្រាប់ចាក់ជូនកូនក្មេង។

អូស្ត្រាលី ជាប្រទេសមួយដែលបានផ្តល់ជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងបរិក្ខារផ្សេង សម្រាប់រួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។ កាលពីខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ កម្ពុជាក៏ទទួលបានវ៉ាក់សាំងកូវីដ១៩ ប្រភេទ Pfizer ជាជំនួយរបស់ប្រទេសអូស្ត្រាលី ចំនួន១៩៦,៨០០ដូស សម្រាប់ចាក់ជូនកុមារ។ ចំណែកកាលពីខែធ្នូ ឆ្នាំ២០២១កន្លងទៅ រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer ចំនួនជាង ២.៣លានដូសរួចម្តងហើយ។ ការផ្តល់ជំនួយវ៉ាក់សាំង និងបរិក្ខារផ្សេងៗនេះ បានបង្ហាញឃើញពីការយកចិត្តទុកដាក់ខ្ពស់មួយរបស់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-ដ១៩ ក៏ដូចជាជួយការពារអាយុជីវិតប្រជាពលរដ្ឋខ្មែរពីជំងឺកូវីដ-១៩។

វ៉ាក់សាំង គឺជាបង្អែកដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជាការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺឆ្លងសាកលមួយនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវគោលនយោបាយចាក់វ៉ាក់សាំងតាមយុទ្ធសាស្ត្រផ្ការីក។ តាមរយគោលនយោបាយចាក់ស្រោចវ៉ាក់សាំងនេះ បានធ្វើឱ្យកម្ពុជាឈានទៅទទួលបានជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ជាបន្តបន្ទាប់៕