នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២
ឯកឧត្តម ថា យ៉ាវ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ។
ការជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ថ្នាក់ទី១២ ដែលទទួលការរៀនបំប៉ន សម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។ កម្មវិធីនេះប្រារព្ធធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកប្រាសាទបល្ល័ង្ក ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណជាង៣០០នាក់ ។
លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក បានឲ្យដឹងថា ៖ សិស្សានុសិស្ស ទទួលការរៀនបំប៉ន មកពីវិទ្យាល័យចំនួន២ គឺ វិទ្យាល័យប្រាសាទបល្ល័ង្ក និងវិទ្យាល័យក្រយា ដែលស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ។
លោក អភិបាលស្រុក បានបន្តថា ការរៀនសូត្របំប៉នបន្ថែមនេះ ប្រព្រឹត្តទៅ រយៈពេល២ខែ ដោយសិក្សាទៅលើមុខវិទ្យាសំខាន់ៗ សម្រាប់ឲ្យសិស្សានុសិស្ស ទាំងអស់ក្រេបជញ្ជក់យកចំណេះដឹងបន្ថែម ដើម្បីយកទៅអនុវត្តពេលប្រឡង នាខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ ។
ថ្លែងទៅកាន់អង្គពិធី នាឱកាសនេះ ឯកឧត្តម ថា យ៉ាវ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសកម្មភាពរបស់លោកគ្រូ អ្នកគ្រូ ដែលបានចូលរួម និងលើកកម្ពស់គុណភាពអប់រំក្នុងស្រុក យ៉ាងពិតប្រាកដ ដែលភស្ដុតាង បានបញ្ជាក់ស្រាប់នោះគឺ ភាគរយនៃសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៃកំណែទម្រង់ការប្រឡង មានចំនួនខ្ពស់ ស្ថិតក្នុងស្រុក ដែលមានការភាគរយសិស្សប្រឡងជាប់ច្រើនគួរឱ្យកត់សម្គាល់ ។ ឯកឧត្តមបានបន្ថែមទៀតថា សិស្សានុសិស្សទាំងអស់មិនត្រូវធ្វើឱ្យឪពុក ម្ដាយ លោកគ្រូ អ្នកគ្រូទាំងអស់បាត់បង់ក្តីសង្ឃឹមឡើយ ហើយសិស្សានុសិស្សទាំងអស់ ត្រូវតែមានភាពជឿជាក់លើសមត្ថភាពខ្លួនឯង ដើម្បីដណ្តើមយកនិទ្ទេសល្អឱ្យបានគ្រប់ៗគ្នា។ ចំពោះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២២នេះ គឺបេក្ខជនប្រឡងត្រូវ តែខិតខំប្រឹងប្រែងឱ្យអស់សមត្ថភាពរបស់ខ្លួន ដើម្បីជាក្តីសង្ឃឹមរបស់អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ពិសេសការជួយលើកមុខមាត់ ស្រុករបស់យើងផងដែរ។