អបអរសាទរទិវាជាតិ ទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ (ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ) និងដើម្បីអបអរពិធីបុណ្យទន្លេលើកទី៧


កំពង់ធំ)÷ ដើម្បីចូលរួម អបអរសាទទិវាជាតិទីក្រុងស្អាតលើកទី១១ ក្រោមប្រធានបទ ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះ កម្ពុជាផ្ដល់ភាពកក់ក្ដៅក៏ដូចជាលើកកម្ពស់ក្រុងស្ទឹងសែនឱ្យស្រស់បំព្រង និងមានអនាម័យ នាឱកាសពិធីបុណ្យទន្លេលើកទី៧ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី០៨-១០ ខែមីនា ឆ្នាំ២០២៣ នាពេលខាងមុខ រដ្ឋបាលខេត្តកំពង់ធំ នឹងរៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹង និងការសម្អាតក្រុង នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ នៅសួនច្បារមាត់ស្ទឹងសែន។

ឯកឧត្តមអភិបាលរងខេត្តកំពង់ធំ ជា វា៉ន់ចាន់ បានអានសារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន កិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នាឱកាសទិវាជាតិទីក្រុងស្អាតលើកទី១១ ក្រោម ប្រធានបទ (ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្ដៅ) និងពិធីប្រកាសជ័យលាភីទី ក្រុងស្អាតលើកទី៣។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ជា វ៉ាន់ចាន់ បានមានប្រសាសន៍ថា ដោយមានការចង្អុលបង្ហាញពីឯកឧត្តមងួន រតនៈ អភិបាលខេត្តកំពង់ធំ ក្នុងការសម្អាតបរិស្ថានក្នុងក្រុងស្ទឹងសែនឲ្យមានសោភ័ណភាពស្រស់បំព្រង ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាបុណ្យទន្លេលើកទី៧ខាងមុខនេះ។ចំពោះការទុកដាក់សំរាមវិញ ក្រុមការងារទាំងអស់ត្រូវតែចូលរួមអនុវត្តឲ្យបានល្អ ក្នុងការចូលរួមចំណែក ការបោះចោលសំរាមផ្ដេសផ្ដាសនៅទីសាធារណៈ កាត់បន្ថយភាពកខ្វក់ដល់បរិស្ថាន។

គួរបញ្ជាក់ផងដែរថា ក្រោយពីពិធីចប់មន្ទីរអង្គភាពស្ថាប័ននីមួយៗ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស អនុវត្តទៅតាមគោលដៅដែលបានបែងចែក ចុះសំអាតតាមផ្លូវជាតិលេខ៦ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។