ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ប្រកាសទទួលស្គាល់សមាជិកគណបក្ស មកពីគណបក្សផ្សេងជិត៦០០នាក់


ឯកឧត្តម  ងួន រតនៈ សូមស្វាគមន៍ចំពោះសមាជិកថ្មី ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវ មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាកម្លាំងបន្ថែមក្នុងការពង្រឹងមូលដ្ឋានគណបក្ស នៅក្នុងឃុំសានគរ និងសូមកោតសរសើរដោយស្មោះចំពោះសមាជិកសមាជិការថ្មីទាំងអស់ ព្រោះថានៅទីនេះក៏ដូចជានៅខេត្តកំពង់ធំ និងខេត្តផ្សេងៗទៀតនៅក្នុងមូលដ្ឋាននីមួយៗ មានគណបក្សច្រើនណាស់ ធ្វើសកម្មភាពនយោបាយដូចជាគណបក្សប្រជាជនកម្ពុជាដែរ។

ឯកឧត្តមបានជំរុញ និងលើកទឹកចិត្តដល់បងប្អូនបានជ្រើសរើសយកគណបក្សប្រជាជន ដើម្បីរួមជីវភាពនយោបាយគណបក្ស ជាពិសេសដោយមើលឃើញ នៃការដឹកនាំដោយគណបក្សប្រជាជន ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស បានដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន សម្ដេចក៏បើកបេះដូងឲ្យទូលាយក្នុងការទទួលយកសមាជិកថ្មី ដោយមិនរើសអើង ដោយមិនប្រកាន់និន្នាការនយោបាយការទទួលយកជាសមាជិកគណបក្សប្រជាជននិងស្រឡាញ់ស្មើៗគ្នា ទោះបីមានសមាជិកគណបក្សប្រជាជន បានចូលមុនចូលក្រោយ និងសមាជិកចូលក្រោយជាបន្តបន្ទាប់ទៀត។

ឯកឧត្តមបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាតែងតែមានសកម្មភាព នៅមូលដ្ឋានជាប្រចាំហើយជឿជាក់ថា សមាជិកម្នាក់ស្មើនឹងសន្លឹកឆ្នោតគាំទ្រមួយសន្លឹក សូមសមាជិកសមាជិកាទាំងអស់ អញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕