(រដ្ឋបាលខេត្តកំពង់ធំ): លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ស្ពាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន (សំពៅត្រៃលោកត្រៃលក្ខណ៍) ឆ្លងស្ទឹងសែនដែលតភ្ជាប់ពីឃុំត្បូងក្រពើ ស្រុកសន្ទុក ទៅឃុំព្រែកគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានថ្លែងថា ស្ពាននេះត្រូវបានសាងសង់ ឡើងដោយវិស្វករកូនខ្មែរ និងត្រូវបានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ដែលមានប្រវែង១៨០ម៉ែត្រ X ៨.៨ម៉ែត្រ ដែលបានចំណាយថវិកាសាងសង់អស់ ១.៣លានដុល្លារសហរដ្ឋអាមេរិក ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈសប្បុរសជន។ ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា តាមការស្នើសុំរបស់ប្រជាពលរដ្ឋ នាឱកាសសម្ដេចតេជោ អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ មជ្ឈមណ្ឌល សាសនា វប្បធម៌ ទេសចរណ៍ សំពៅត្រៃលោក សំពៅត្រៃលក្ខណ៍ កាលពីឆ្នាំ២០១៣ មក ។ ប្រជាពលរដ្ឋទាំងពីរឃុំក៏បានគោរពថ្លែងអំណរគុណសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះអំណោយស្ពានដ៏ថ្លៃថ្លាកាត់ស្ទឹងសែនក្នុងថ្ងៃនេះ ។
ថ្លែងនៅក្នុងកម្មវិធីនេះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ថា សមិទ្ធផលស្ពានមួយនេះ គឺជាសមិទ្ធផលថ្មីមួយទៀតនាំមកនូវភាពសប្បាយរីករាយ យ៉ាងខ្លាំង សម្រាប់បងប្អូនប្រជាពលរដ្ឋទាំងអ្នករស់នៅសងខាងស្ទឹងសែន។ ប្រជាពលរដ្ឋនៅក្នុងតំបន់ជាប់ជើងស្ពានទាំងសងខាងការធ្វើដំណើររបស់ពួកគាត់ពីមុនមានការលំបាកយ៉ាងខ្លាំង ក្នុងការធ្វើដំណើរពីត្រោយម្ខាងទៅត្រើយម្ខាងទៀត ពោលពួកគេត្រូវឆ្លងទូកដរ ឬធ្វើដំណើរវាងមកឆ្លងកាត់ ដែលជាហេតុធ្វើឲ្យខាតបង់ទាំងពេលវេលា និងថវិកា។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍បន្តថា ចំពោះសមិទ្ធផលមិនត្រឹមតែជាប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋរស់នៅទីនោះ ប៉ុណ្ណោះទេ តែក៏ចូលរួមចំណែកបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ដែលត្រូវធ្វើដំណើរឆ្លងកាត់តំបន់មួយនេះ ជាពិសេសមកកាន់មជ្ឈមណ្ឌល សាសនា វប្បធម៌ ទេសចរណ៍ សំពៅត្រៃលោក សំពៅត្រៃលក្ខណ៍ ដែលជាទីកន្លែងសម្រាប់ភ្ញៀវទេសចរណ៍មកកំសាន្តគ្រប់រដូវកាល ។
ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានលះបង់ថវិកា និងសម្ភារៈដើម្បីយកមកសាងស្ពានថ្មសម្រាប់ឱ្យបងប្អូនជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ប្រកបដោយសុវត្ថិភាព និងមានគុណភាពខ្ពស់។