អភិបាលខេត្តកំពង់ធំ ថ្លែងអំណរគុណដល់ប្រជាការពារភូមិ ដែលលះបង់កម្លាំងកាយចិត្ត ចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់


ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាការពារភូមិទាំង ៨សង្កាត់ ចំនួន ៣៣៩នាក់ នៅក្នុងក្រុងស្ទឹងសែន នៅថ្ងៃទី១៣ ខែមិថុនាឆ្នាំ ២០២៣ លោក ងួន រតនៈ បានលើកឡើងថា ប្រជាការពារគឺជាកម្លាំងស្នូល១ យ៉ាងសំខាន់នៅក្នុងតំបន់មូលដ្ឋានរបស់ប្រជាពលរដ្ឋ ដែលបានចូលរួមចំណែកយ៉ាងធំធេងក្នុងការថែរក្សាសណ្ដាប់ធ្នាប់ សុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋតំបន់មូលដ្ឋានផ្ទាល់ ហើយអ្វីដែលលោកជួបបងប្អូន នៅពេលនេះ ក្នុងគោលបំណងសំខាន់មួយ ដែលបងប្អូនប្រជាការពារត្រូវមានភារកិច្ចចាំបាច់ចូលរួមថែរក្សាសណ្ដាប់ធ្នាប់ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២៣ ខាងមុខនេះ។

ឯកឧត្តមបានបន្តថា មុននឹងទទួលនូវភារកិច្ចដ៏សំខាន់នេះ បងប្អូនប្រជាការពារទាំងអស់ត្រូវតែទទួលបាននៅការណែនាំ និងបណ្ដុះបណ្ដាលពីមន្ត្រីនគរបាលតាមមូលដ្ឋាន ដើម្បីយល់ឱ្យកាន់តែច្បាស់អំពីកិច្ចការដែលត្រូវធ្វើនិងគោរពទៅតាមលក្ខន្តិកៈជាមន្ត្រីរក្សាធ្នាប់ធ្នាប់ និងប្រកាន់ខ្ជាប់ខ្ជួននៅគោលការណ៍របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត (គជប)។

ឯកឧត្តម ងួន រតនៈ បានបន្ថែមទៀតថា បងប្អូនប្រជាការពារទាំងអស់ត្រូវតែខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពសមត្ថភាពរបស់ខ្លួន ក្នុងការចូលរួមចំណែកថែរក្សាសុខសុវត្ថិភាពសណ្ដាប់ធ្នាប់នៅពេលបោះឆ្នោតនេះ ឲ្យបានរលូនរហូតដល់ថ្ងៃបញ្ចប់នៃការបោះឆ្នោត។ ប្រជាការពារទាំងអស់ ត្រូវចូលរួមថែរក្សាសុខសុវត្ថិភាពសណ្តាប់ធ្នាប់ នៅតាមការិយាល័យបោះឆ្នោតដែលខ្លួនមានឈ្មោះបោះឆ្នោត នៅទីកន្លែងនោះស្រាប់ ដូច្នេះហើយនេះគឺជាភាពងាយស្រួលសម្រាប់បងប្អូន ក្នុងការបំពេញភារកិច្ចការងារហើយក៏អាចឆ្លៀតពេលទៅបោះឆ្នោតបានផងដែរ។

លោកបានគូសបញ្ជាក់ថា រយៈពេល ៤០ ឆ្នាំនេះ ប្រទេសជាតិបានរស់នៅដោយភាពសុខសាន្តក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិទាំងមូលរស់នៅក្រោមដំបូលសន្តិភាព ប្រទេសជាតិមានការអភិវឌ្ឍឥតឈប់ឈរ ដូចនេះដើម្បីឲ្យប្រទេសជាតិមានសុខសន្តិភាពតទៅមុខទៀត មានតែយើងទាំងអស់គ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យសម្ដេចដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកសន្តិភាពឋិតថេរយូរអង្វែង។

នៅចុងបញ្ចប់នៃពិធីសំណេះសំណាល ឯកឧត្តម ងួន រតនៈ បានប្រគល់ថវិកាជូនដល់ប្រជាការពារចំនួន ៣៣៩ នាក់ ដោយក្នុងម្នាក់ទទួលបានថវិកាចំនួន ៤០០០០ រៀល និងអង្ករ ១០គីឡូក្រាមផងដែរ៕