លោកជំទាវ ឃួន ឃុនឌី ជំរុញដល់ក្រុមកាងារត្រូវត្រួតពិនិត្យ លើគ្រួសារបក្សដើម្បីត្រៀមឯកសារ ឲ្យបានគ្រប់គ្រាន់សម្រាប់យកទៅបោះឆ្នោត
លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារចុះមូលស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជំរុញដល់ក្រុមកាងារត្រូវត្រួតពិនិត្យលើគ្រួសារបក្សដើម្បីត្រៀមឯកសារឲ្យបានគ្រប់គ្រាន់សម្រាប់យកទៅបោះឆ្នោត ។

លោកជំទាវ ឃួន ឃុនឌី ជំរុញបែបនេះក្នុងកិច្ចប្រជុំប្រចាំខែរបស់គណបក្សប្រជាជនកម្ពុជាស្រុកកំពង់ស្វាយ នៅថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ ២០២៣ នៅស្នាក់ការគណបក្សស្រុកកំពង់ស្វាយ។

លោកជំទាវ បានលើកឡើងថា គោលនយោបាយរបស់គណបក្សប្រជាជនក្នុងការដឹកនាំប្រទេសកម្ពុជា ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាល នឹងអាណត្តិបន្តបន្ទាប់ទៅទៀត គឺដើម្បីប្រទេសជាតិមានសុខសន្តិភាព មានការឯកភាពជាតិពេញលេញ ព្រមទាំងមានសុខដុមរមនាជា គ្រួសារខ្មែរតែមួយ និងការកសាងអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនរុងរឿង។

ក្នុងនោះបានណែនាំដល់មន្ត្រីបន្តចុះជួបជាមួយគ្រួសារបក្ស និងក្រុមបក្សពិសេស បន្តចុះពង្រឹងសតិអារម្មណ៍នយោបាយដល់មន្ត្រីគណបក្ស ព្រមទាំងរៀបចំផែនការចុះតាមខ្នងផ្ទះសមាជិក សមាជិកា ដើម្បីបង្រៀនគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ និងចំលេខរៀងគណបក្សប្រជាជនកម្ពុជា ។

លោកជំទាវបញ្ជាក់ទៀតថា ក្រុមការងារត្រូវត្រៀមធ្វើឯកសារសម្រាប់បោះឆ្នោតជំនួស ឲ្យអត្តសញ្ញាណប័ណ្ណដល់មន្ត្រីគណបក្សដែលអត់មានអត្តសញ្ញាណប័ណ្ណ និងត្រូវមានសីលធម៌ ធ្វើយ៉ាងណាឲ្យគណបក្សប្រជាជនរបស់យើងទទួលបានជោគជ័យជំនះ។

លោកជំទាវ បានបន្តទៀតថា បក្សត្រូវយកចិត្តទុកដាក់ខ្ពស់ និងខិតខំបញ្ចូលសមាជិកថ្មីដែលជាយុវជនឲ្យក្លាយជាកម្លាំងក្នុងការចូលរួមរបស់គណបក្សនៅគ្រប់ទីកន្លែង ក៏ដូចជាបង្កើនសន្ទុះ នៃការគាំទ្រមកលើគណបក្ស ឲ្យកាន់តែមានប្រជាប្រិយភាព និងទទួលបានការគាំទ្រកាន់តែខ្លាំង។ ចំណែកឯមន្ត្រីគណបក្សគ្រប់ថ្នាក់ត្រូវតែបន្តរក្សាសាមគ្គីភាព ខិតខំធ្វើអំពើល្អជាមួយប្រជាជន កាត់បន្ថយភាពអសកម្ម។

លោកជំទាវ ឃួន ឃុនឌី បានអំពាវនាវដល់សមាជិកសមាជិកា និងក្រុមគ្រួសារនៃគណបក្សប្រជាជនកម្ពុជាទាំងអស់ត្រូវត្រៀមខ្លួន និងមានឯកសារគ្រប់គ្រាន់ ដើម្បីទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាស្ថិតនៅលំដាប់លេខរៀងទី ១៨ មានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ និងទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឲ្យបានគ្រប់ៗគ្នា៕