(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ណែនាំបន្ថែមដល់ប្រជាពលរដ្ឋ ក្រោយពីការកាត់ឆ្វៀលរួច ប្រជាពលរដ្ឋមានសិទ្ធិអាស្រ័យផលបានរហូតដោយស្របច្បាប់ ប៉ុន្តែមិនមានសិទ្ធិទិញ លក់ រឺយកបញ្ចាំនោះទេ ហើយចំពោះអ្នកដែលមានព្រំដីជាប់ជាមួយដីរបស់រដ្ឋ(តំបន់៣) ហាមពង្រីកបន្ថែមដាច់ខាត និងចូលរួមការពារមិនឲ្យអ្នកណាផ្សេងមកអាស្រ័យផលឡើយ ប្រសិនបើមានអ្នកទន្ទ្រានឈូសឆាយបន្ថែមត្រូវរាយការណ៍មកអាជ្ញាធរជាបន្ទាន់ ចូលរួមទប់ស្កាត់ពីជនខិលខូចមួយចំនួនតែងតែឆ្លៀតឱកាសក្នុងការទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួន។
ប្រសាសន៍នេះ លើកឡើងនៅក្នុងពិធី រថ្លែងយ៉ាងដូច្នេះ នៅពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ ២៨ អនក្រ.បក ស្ដីពីការសម្រួលផ្ទៃដីចេញពីតំបន់៣បញ្ចូលមកតំបន់២ និងប្រកាសតំបន់វិនិច្ឆ័យ ស្ថិតក្នុងភូមិសាស្ត្រស្រុកសន្ទុក នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្តម ងួន រតនៈ បន្ថែមទៀតថា កន្លងមកបងប្អូនប្រជាពលរដ្ឋគ្រប់ខេត្តទាំងអស់ជុំវិញបឹងទន្លេសាប បានស្នើសុំប្រើប្រាស់ និងអាស្រ័យផលលើដីតំបន់៣ ឡើងវិញ។ ឥឡូវនេះ ប្រមុខរាជរដ្ឋាភិបាល បានសម្រេចធ្វើការដោះស្រាយដីតំបន់៣ តាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ បានផ្តល់សិទ្ធដីតំបន់៣ ឆ្វៀលមកតំបន់២ ឲ្យមានសិទ្ធិប្រើប្រាស់ និងអាស្រ័យផលរហូត អាចបន្តមរតកតកូនចៅបាន ប៉ុន្តែមិនមានលក់ដូរបានទេ។
ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា ការប្រកាសបើកតំបន់វិនិច្ឆ័យធ្វើការចុះបញ្ជី និងការផ្តល់បណ្ណសម្គាល់សិទ្ធប្រើប្រាស់ និងអាស្រ័យផលលើដីរដ្ឋក្នុងតំបន់៣មកតំបន់២ ជូនប្រជាពលរដ្ឋដែលបានធ្វើស្រែចំការ និងបង្កបង្កើនផលបានរហូត។ បងប្អូនប្រជាពលរដ្ឋជាម្ចាស់ដី ត្រូវរៀបចំឯកសារឱ្យបានគ្រប់គ្រាន់មាន÷ ថតចំឡងអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សំបុត្យកំណើត ឬសំបុត្យអាពាហ៍ពិពាហ៍។ ត្រូវត្រៀមបង្គោលព្រំ និងត្រូវបោះបង្គោលព្រំលើទីតាំងដីដែលខ្លួនធ្លាប់បានអាស្រ័យផលប្រកបដោយភាពត្រឹមត្រូវ។ ត្រៀមចូលរួមវាស់វែង និងចូលរួមធ្វើការវិនិច្ឆ័យកំណត់អត្តសញ្ញាណម្ចាស់ដីរបស់ខ្លួនឲ្យបានច្បាស់លាស់។ ត្រូវកំណត់ចូលរួមផ្តិតមេដៃអ្នកជាប់ព្រំ ជាពិសេសចៀសវាងមានទំនាស់ ប្រសិនបើមានទំនាស់ត្រូវសម្របសម្រួលឲ្យបានរួចរាល់ដើម្បីងាយស្រួលក្រុមការងារធ្វើការបានឆាប់រហ័ស បើពុំដូច្នោះទេដីដែលមានទំនាស់ត្រូវទុកដោះស្រាយឲ្យរួចរាល់សិន។